ពិធីបុណ្យខ្មោច នៅសម័យលោកម្ចាស់

អ្នកស្រុកបាត់ដំបង ជំនាន់នោះ មានទំលាប់ម្យ៉ាងក្នុងការធ្វើបុណ្យខ្មោច ខុសពីអ្នកស្រុកប៉ែកខាងកើត (សំដៅលើអ្នកភ្នំពេញ កំពង់ចាម ព្រៃវែង…) បើមានមនុស្សស្លាប់ គេតែធ្វើបុណ្យតែបន្តិចបន្តួច ក៏យកខ្មោចនោះទៅកប់មួយអន្លើសិន។ គេមិនធ្វើបុណ្យធំដុំទេ ព្រោះគេយល់ថា គ្រួសារកំពុងមានទុក្ខហើយ មានលុយកាក់តិចតួច។ ចាប់ពីពេលនោះមក គ្រួសារសពត្រូវខិតខំ រកលុយកាក់បំរុងធ្វើបុណ្យខ្មោចនោះ នៅពេលណាមួយអោយបាន អធិកអធម។ ក៏ប៉ុន្តែតាមធម្មតា មានតែពួកអភិជនទេ ដែលអាចធ្វើបុណ្យខ្មោចគ្រួសារគេបានអធិកអធមសប្បាយ។ អ្នកក្រធ្វើបុណ្យខ្មោចយ៉ាងស្តួចស្តើងដោយវិធីសង្ខេប ក៏យកទៅកប់ឬដុតទៅ។ អ្នកមានធនធានតិចតួច ច្រើនរួមគ្នាជាសមាគម ធ្វើបុណ្យខ្មោច គ្រួសារខ្លួន។

អ្នកក្រុងបាត់ដំបងនិយម យកកន្លែងមួយនៅខាងអាគ្នេយ៏ កំផែង់ត្រង់មាត់ស្ទឹងដើម្បីធ្វើបុណ្យខ្មោច។ គេនិយមគាស់ខ្មោច ដែលកប់យកមកធ្វើបុណ្យនៅរវាងខែ ផល្គុន ចេត្រ និង ពិសាខ ដែលជាពេលដែលអ្នកផងទំនេរផុតពីការស្រែចំការ ហើយជារដូវល្អគ្មានភ្លៀង។ បើកាលណាគេធ្វើបុណ្យខ្មោច ដែលគាស់ពីដីមកយ៉ាងនេះ គេនិយមអោយមានល្បែងប្រជាប្រិយ៏ ល្ខោនរបាំ ដូរ្យតន្ត្រី អុជកាំជ្រួច ភ្ញីទៀន ហើយច្រើនមានប្រកួត កីឡាប្រដាល់ទៀតផង។ តែបើគេធ្វើបុណ្យខ្មោចដែលស្លាប់ភ្លាមៗ ដែលគេហៅថាខ្មោចស្រស់ នោះគេត្រូវសង្រួមចិត្តសំរួមអាត្មា ជាការកាន់ទុក្ខ មិនដែលអោយមានការសប្បាយល្បែងរបាំច្រៀងទេ។ គេតំកល់សពច្រើនយប់ច្រើនថ្ងៃ នៅក្នុងរោងបុណ្យ រួចទើបគេដង្ហែរសពកាត់តាមទីក្រុងហើយយកទៅដំកល់ក្នុង ភ្នំយោង ដើម្បីបូជា។ មានជួនកាល គេដង្ហែខ្មោចចេញពីរោងបុណ្យ នៅពេលយប់ទៅដំកល់នៅវត្តណាមួយ រួចទើបហែមកកាន់កន្លែងបុណ្យវិញនៅថ្ងៃបន្ទាប់។ ការដង្ហែនៅពេលយប់ អ្នកហែរត្រូវកាន់ចន្លុះ ឬ គោម។ គេហៅរបៀបហែរនេះថា “លួចសព”។

គេច្រើនសាងមេរុ ខ្ពស់ស្កឹមស្កៃ សំរាប់បូជាសពលោកទៅ អធិការវត្ត ឬ សម្តេចចៅ ​ ឬជាពិសេ សពលោកម្ចាស់។ គេដាក់សពលោកម្ចាស់ ឬ មន្ត្រីសង្ឃទីរាជគណៈក្នុងកោដ្ឋ ដែលមានសណ្ឋានផ្សេងៗ ទៅតាមកំរិតឋានន្តរសក្តិ។ គេនិយមធ្វើរូបទេវតាអំពី ចំបើង បិតក្រដាសយ៉ាងប្រិមប្រីយ៍ អោយកាន់ភ្លើងហើយគេបង្ហូតពីទីខ្ពស់ណាមួយនោះដុតសព។ គេច្រើនបូជានៅពេលយប់ ទើបឃើញជាទស្សីយ៍ភាពមួយដ៏រំភើប គឺ ឃើញទេវតាហាក់ដូចជាចុះមកពីស្ថានសួគ៏ យកភ្លើងមកបូជាសពនោះនៅពេលដែលគេអុជ កាំជ្រួចភ្ញីទៀន យ៉ាងទ្រហឹង អ៊ឹងអាប់។

Leave a Reply

Your email address will not be published. Required fields are marked *