រូបិយវត្ថុ សម័យលោកម្ចាស់

អ្នកបាត់ដំបងជំនាន់មុនប្រហែលជាធ្លាប់លឺមកហើយនៅឃ្លាប្រយោគលេងសើចមួយ ដែលគេតែងចំណាំនិយាយលេងនឹងគ្នា នៅពេលនរណាម្នាក់គ្មានប្រាក់ចាយ គេតែងតែនិយាយចំអន់ ថា “បើចង់បានលុយ ទៅយកពីចឹកជុយទៅ!” ។

  • តើចឹកជុយជាអ្នកណា?
  • ហេតុអ្វីបានជាគេចូលចិត្តនិយាយអ៊ីចឹង?

ដើម្បីដឹងមូលហេតុនៃឃ្លាទាំងនេះ យើងសូមជូននូវប្រវត្តិខ្លះ នៃដើមកំណើតនិយាយឃ្លោងឃ្លានេះ ដូចខាងក្រោម:

 

ចឹកជុយ គឺជាអ្នកផលិតប្រាក់ប៉ែ នៅសម័យលោកម្ចាស់ បន្ទាប់ពីលោក  រត្តសារ  ។  នៅដំណាច់សតវត្សទី១៩នេះ រូបិយវត្ថុ មាននាទីកាន់តែទូលំទូលាយឡើងនៅបាត់ដំបង។ គេចាយលុយដែលជាប្រាក់ សុទ្ធ បោះនៅប្រទេសសៀម ឬ មកពីប្រទេសកម្ពុជា។ ខេត្តបាត់ដំបងក៏មានបោះពុម្ពប្រាក់ចាយខ្លួនឯងផងដែរ។  ចឹកជុយ មានបច្ចេកទេសម្យ៉ាងសំរាប់ធ្វើប្រាក់ប៉ែ។ គាត់យកសំណប៉ាហាំង តាមទំងន់ត្រូវការ លាយបរិមាណខ្លះ ដាក់ក្នុងឆ្នាំងដីម្យ៉ាង ហៅថា បាវ  រួចដាំលើភ្លើងអោយរលាយចូលគ្នា។

 

គាត់រៀបផើងមួយ ដាក់ទឹកពាក់កណ្តាល ហើយមានបណ្តែត ដើមចេកមួយកំណាត់ក្នុងនោះ។ គាត់ចាក់ទឹកសំណប៉ាហាំង ដែលក្តៅរលាយ ទៅលើដើមចេក។ សំណក៏ខ្ទាតជាកំទិចល្អិតទៅក្នុងទឹក។ គាត់ស្រង់កំទេចសំណប៉ាហាំង នោះសំដិល អោយស្ងួត។

 

គាត់យកពុម្ពដី ប៉ុនដុំឥដ្ឋ មានរន្ធតូចៗ ប៉ុនកូនដៃច្រើនរួចគាត់ថ្លឹងកំទេចសំណប៉ាហាំងនោះ ចាក់ចូលក្នុងរន្ធនៃពុម្ព។ រួចស្រេចហើយគាត់យកពុម្ពនេះទៅដុតម្តងទៀត។ គាត់ដកយកពុម្ពដាក់អោយត្រជាក់ ដកយកសំណប៉ាហាំងដែលកកជាដុំ មានទំងន់ស្មើរៗគ្នា យកទៅច្របាច់ដោយពុម្ពម្យ៉ាង អោយកើតជារាង ប្រាក់កាក់ មានរូបគ្រុឌម្ខាង និង មានអក្សរខ្មែរ ថា ព្រះតំបង ម្ខាង។

ប្រាក់ប៉ែ សម័យលោកម្ចាស់

ពេលបោះរួច ចឹកជុយតែងតែយកប្រាក់ប៉ែ ទៅហាលនៅកន្ទេលមុខផ្ទះរបស់គាត់ ដូចគេហាលស្រូវអ៊ីចឹង។  ផ្ទះបោះប្រាក់នោះ គឺនៅខាងកើតវត្តដំរីស រ៉បតាមមាត់ស្ទឹង ដែលបច្ចុប្បន្នគឺ ជាសារមន្ទីខេត្ត។

ហេតុដូចនេះហើយទើបមានពាក្យចំអន់អ្នកណាដែលគ្មានប្រាក់ចាយ ថាអោយទៅយកពី ចឹកជុយ

Leave a Reply

Your email address will not be published. Required fields are marked *