រឿងរបស់លោកតាដំបងក្រញូង ជារឿងរបស់ខ្មែរ ឬ របស់មន ?

សម្រាប់និមិត្តរូប​របស់​ខេត្ត​បាត់ដំបង មានមនុស្ស​ភាគច្រើន​គឺស្គាល់​ថា​ជារូប​តា​ដំបងក្រញូង ដែល​ប្រវត្តិ​របស់​គាត់ មាន​ជាប់ទាក់ទង​ទៅ​នឹង​ពង្សាវតារ​បែប​ព្រេងនិទាន​របស់​ខ្មែរ ។ រឿង​នោះដំណាលអំពី​មាណព​ម្នាក់ដែល​រកស៊ីកាប់អុសកាប់ឈើ​នៅក្នុងព្រៃ ជាមួយ​អ្នកភូមិផង​ជាមួយ​គ្នា តែ​ដោយ​គាត់មាន​កំលាំងកំហែង​ខ្សោយជាង​អ្នកដទៃ គេក៏ទុក​ឲ្យ​គាត់​នៅ​ដាំបាយ​សម្រាប់​អ្នកផ្សេងទៀតហូប ។ ថ្ងៃមួយ​ពេល​កំពុង​ដាំបាយ គាត់បាន​រើស​មែកឈើ​មួយ​យកមកកូរ​បាយ ធ្វើ​ឲ្យ​បាយ​ទៅ​ជា​ខ្មៅ ដោយ​ខ្លាច​ត្រូវ​មាត់​អ្នក​ដទៃ គាត់ក៏ប្រឹង​ហូបបាយ​នោះ​រហូត​ដល់អស់ ក្រោយ​ពីហូប​បាយនោះអស់ គាត់​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​មាន​កម្លាំង​មហិមា អាចលើក​ដើមឈើ​ធំមួយ​តែម្នាក់ឯង​បាន ។ ក្រោយ​ពី​ឃើញ​ថា​ខ្លួនឯង​ខ្លាំងក្លា និង​អង់អាច​បែបនេះ មាណពនោះក៏គិតចង់ដណ្តើម​អំណាច​ស្តេចផែនដី​ ដោយ ​បាន​ជ្រែក​រាជ្យ​ស្តេច​អង្គមុន នឹង​យក​ខ្សែស្រលាយ​រាជវង្ស​អង្គមុន យក​ទៅ​សម្លាប់ សូម្បី​តែ​ស្ត្រីពោះធំ​ក៏​យក​ទៅ​ដុត រហូត​ធ្វើ​ឲ្យ​ស្ត្រី​ពោះធំ​រាងចាស់ខែម្នាក់ ដែល​ជា​មហេសី​ស្តេចអង្គមុន បានបន្សល់ទុក​កូនប្រុសមួយ​នៅ​កណ្តាល​ភ្នក់ភ្លើង ហើយ​ក្មេង​នោះ​ត្រូវ​ភ្លើង​រោល​រហូតពិការ ពេល​ធំ​ឡើង​គេហៅ​គាត់ថា​ព្រហ្មកិល ។ ស្តេចដំបងក្រញូង បាន​ឲ្យហោរាទស្សន៍ទាស​ ហើយ​ដឹង​ថា​ខ្លួន​នឹង​ត្រូវកំចាត់ដោយ​ទេវបុត្រ​ជិះសេះស. ដែល​ជា​ព្រហ្មកិល ហើយ​នៅពេល​ព្រហ្មកិល​ជិះសេះស.រំលង​លើ​វាំង​របស់ស្តេច​ដំបងក្រញូង ស្តេចដំបងក្រញូង​ក៏ចោលដំបង​នោះ​ទៅលើ​ ហើយ​ដំបង​នោះ​ក៏ធ្លាក់​បាត់​នៅ​ទឹកដី​ខេត្ត​បាត់ដំបង​សព្វថ្ងៃ ទើប​បាន​ជាមាន​ឈ្មោះ​ថា​បាត់ដំបង​ដូច្នេះ ។

(លោកអ្នកអាចអានរឿងបន្ថែមនៅតំណភ្ជាប់នេះបាន)

នៅសាធារណរដ្ឋប្រជាមានិតឡាវ មាន​ខេត្ត​មួយ​ឈ្មោះថាខេត្ត​ខាំមួន នៅ​ទីនោះ​មាន​ប្រវត្តិ​ទាក់ទង​នឹង​ស្តេច​មួយ​អង្គ​មាន​ព្រះនាម​ថា​ស្រីគោត្របង ដែល​មកដល់សព្វថ្ងៃ ក៏​នៅ​មាន​ចេតិយ និង​មាន​ការសាងសង់ជារូប​តំណាង​នៅ​ទីនោះផងដែរ ។ ប្រវត្តិ​រឿងព្រេងឡាវ​ទាក់ទង​ទៅនឹង​ស្រីគោត្របង គឺ​មាន​រឿង​ដំណាល​ប្រហាក់ប្រហែល​ទៅនឹង​រឿង​របស់​ដំបងក្រញូង​របស់​ខ្មែរដែរ គឺ​មានមាណពម្នាក់ មាន​សុខភាព​ខ្សោយ ពេល​ចូលទៅ​កាប់អុស គេក៏ទូកឲ្យ​នៅដាំបាយ ហើយ​គាត់ក៏បានរើស​មែកឈើ​មួយ​យកមក​កូរ​បាយ ធ្វើ​ឲ្យ​បាយ​ឡើង​ខ្មៅ ហើយ​គាត់ក៏​ហូប​បាយ​នោះតែ​ម្នាក់ឯង ជាហេតុ​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំងខ្លាំងក្លា រហូត​អាច​ឡើង​ដឹកនាំតំបន់​មួយ នៃ​ខេត្ត​ខាំមួន​បច្ចុប្បន្ន ។ ស្រីគោត្របង បាន​រៀបអភិសេក​នឹង​បុត្រី​របស់​ស្តេច​នៅនគរនោះ តែស្តេចនោះតែងតែ​ខ្លាច​ស្រីគោត្របង​ជ្រែករាជ្យ​របស់​ខ្លួន ទើប​ធ្វើឲ្យ​​ស្តេច​នៃ​នគរ​នោះ​បាន​ប្រើល្បិច​ហៅ​ស្រីគោត្របងទៅ​ចូលរួមពិធី​មួយ​នៅក្នុង​វាំង​របស់​ខ្លួន ហើយ​បាន​រៀបចំគន្លឹះ​ជា​លំពែងដែក​នៅក្នុង​បង្គន់ ពេល​ស្រីគោត្របង ចូល​ទៅប្រើបង្គន់ ក៏ត្រូវ​លំពែង​ដែក​នោះ​ចាក់ពីគូទ រហូត​ដល់​ក្បាល​ស្លាប់​មួយ​រំពេច ។ សាកសព​របស់​ស្រគោត្របង ត្រូវ​បាន​គេ​អូសទម្លាក់​បណ្តែត​ចោល​តាមទឹក​ទន្លេ​មេគង្គ នៅពេលហូរ​មកដល់​ខេត្ត​ខាំមួន ប្រជាជន​នៅទីនោះ​ស្គាល់​ថា​ជា​អ្នកគ្រប់គ្រង​របស់​ខ្លួន ក៏​នាំ​គ្នា​ស្រង់សាកសព​ចេញ​ពីទឹក និង​សាង​ជា​ចេតិយ​ធំមួយ​តម្កល់​សាកសព​របស់គាត់​រហូត​មក ។

មាន​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត បាននិយាយ​ថា ស្រីគោត្របង គឺជា​រាជាណាចក្រ​ព្រះពុទ្ធសាសនា​មួយ​របស់​មន ដែលមាន​អាណាបរិវេណ​នៅ​តំបន់​ភូមិភាគ​ឥសាន​របស់​ថៃ គឺ​នៅ​ខាងលើបន្តិច​នៃ​ខេត្តសុរិន្ទ ស្រីស្លកែត និង​បុរីរម្យ​ និង​នៅ​ភូមិភាគកណ្តាល​របស់​ឡាវ ហើយ​រាជាណាចក្រ​របស់​មននោះ គឺ​មាន​ភាព​រុងរោចន៍​នៅ​សតវត្ស​ទី ៥ និង ទី ៦ នៃ​គ្រឹស្តសករាជ ដោយ​មូលដ្ឋាន​សំខាន់​នៃ​រាជាណាចក្រ គឺ​ស្ថិត​នៅ​ខេត្ត​នគរភ្នំ ខាង​ឆ្វេង​ទន្លេ​មេគង្គ នៅក្នុងប្រទេសថៃ​សព្វថ្ងៃ និង​ស្ថិត​នៅខេត្ត​ខាំមួន ខាងស្តាំ​ទន្លេ​មេគង្គ នៅក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ ។ សិល្បៈ វប្បធម៌​របស់​មនមួយ​ចំនួន​នៅក្នុងតំបន់នោះ គឺ​មាន​អាយុកាល​មុន​ ឥទ្ធិពល​នៃ​សិល្បៈ និង​វប្បធម៌​របស់​ខ្មែរ​នៅ​តំបន់នោះ​ទៅទៀត ដែល​នេះ​បង្ហាញ​អំពី​ការកាន់កាប់​ទឹកដីនេះ​ពីដំបូង​ដោយ​មន ក្រោយ​មក​ដោយ​ខ្មែរ និង​បន្ត​ដោយ​ឡាវ និង​ថៃ ។

ងាកមក​មើល​ខេត្ត​បាត់ដំបង​វិញ នៅសម័យ​ថៃ​គ្រប់គ្រង​ខេត្ត​នេះ ដោយ​ឲ្យ​ខ្សែស្រលាយ​របស់​ស្តេចត្រាញ់​ខ្មែរ​គ្រប់គ្រង គឺ​ឧកញ៉ាចៅហ្វាប៉ែន គ្រប់គ្រង​តាំងពី​ចុង​សតវត្ស​ទី ១៨ រហូត​ដល់​ដើម​សតវត្សទី ២០ ។ នៅពេលនោះ​ថៃ​ហៅ​ខេត្ត​បាត់ដំបងថា ព្រះត្របង គឺ​មាន​ឈ្មោះ​ស្រដៀង​គ្នា​នឹង​ ស្រីគោត្របង ដែរ ប្រហែល​ពាក្យ​ថា​ ត្របង នេះ គឺ​ជាពាក្យ​មន មាន​ន័យ​ថា​ដំបង​ហើយ​មើលទៅ ព្រោះ​ថា​ពាក្យមាន​ព្យាង្គ​តម្រួត​ជើង «រ» ភាគច្រើន មិនមែន​ជា​ភាសា​ថៃ ឬ​ឡាវ នោះទេ ។​ គោរមងារ​របស់​ស្តេចត្រាញ់​គ្រប់គ្រង​តំបន់​នោះ​ពីបុរាណ មាន​ងារ​ថា គទាធរ ឬ​បញ្ចេញ​សម្លេង​ជា​ភាសាថៃ​ថា កថាថន ដូចមាន​ពាក្យ​ហៅ​លោក​ម្ចាស់​បច្ចឹម ដែល​ធ្លាប់​គ្រប់គ្រង​បាត់ដំបងថា កថាថន​ឈុំ (ជុម) ។ ពាក្យ​ថា​ គទាធរ នេះ ជាភាសា​សំស្ក្រឹត មានន័យ​ថា អ្នកកាន់ដំបង ឬ​ក៏​អ្នក​ដែល​ប្រើ​ដំបង​ជា​អាវុធ ហើយ​ គទាធរ​ នេះ គឺ​ជា​ឈ្មោះ​មួយ​របស់​តួអង្គ ភីមៈ ជាត្រកូល​បណ្ឌវៈ នៅ​ក្នុង​រឿង​មហាភារតៈយុទ្ធ ដោយសារតែ​ភីមៈ ជា​អ្នក​ជំនាញ​ខាង​ប្រើ​ដំបង ។ ខ្ញុំ​មិនដឹង​ថា​គោរម​ងារ​ គទាធរ នេះ មាន​មក​តាំងពីពេល​ណានោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ការដាក់​គោរមងារ​ឲ្យ​អ្នក​គ្រប់​គ្រង​ខេត្ត​ខណ្ឌ​ពីបុរាណ តាម​ឈ្មោះ​នៃ​មេទ័ព ឬ​ក៏តួអង្គសំខាន់​នៅក្នុង​រឿង​មហាភារតៈ គឺ​មាន​នៅក្នុង​សង្គម​ខ្មែរ​រហូត​ដល់​ដើម​សម័យ​អណានិគម​បារាំង ជាក់​ស្តែង​គឺ​ឈ្មោះ​ឧកញ៉ា អរជូន ឬ​អរជុន នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​ងារនេះ​យើងឃើញ​ថា​មាន​នៅក្នុង​រឿងទុំទាវ តាំងតែ​ពី​សម័យ​លង្វែក ហើយ​អរជុន​នេះ ចាត់ទុក​ជាតួអង្គ​ដ៏សំខាន់បំផុត​មួយ​នៅក្នុង​រឿង​មហាភារតៈ ហើយ​នេះ​គ្រាន់តែ​ជាឧទាហរណ៍​មួយ​នៃ​ការប្រើ​ឈ្មោះ​តួអង្គ​នៅក្នុង​រឿង​មហាភារតៈ​យកមក​តាំងជា​គោរមងារ​នៅ​ក្នុង​ការគ្រប់គ្រង​ខេត្ត​ខណ្ឌ​របស់​ខ្មែរ​តាំងអំពី​បុរាណកាល​មក ។

ទោះជាយ៉ាងណា ក៏ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ប្រាកដប្រជា​ថា​រឿង​តាដំបង​ក្រញូង គឺ​ជា​រឿង​ដែលកើតឡើង​នៅក្នុង​ប្រវត្តសាស្ត្រ​ខ្មែរ ឬ​ក៏​ប្រវត្តិសាស្ត្រ​របស់មននោះដែរ វា​បាន​ក្លាយ​ទៅ​ជារឿងនិទាន​រួម​គ្នា​នៃ​ជាតិសាសន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​រួចទៅហើយ គឺ​មិនខុសគ្នា​អំពី​រឿង​ធនញ្ជ័យ​នោះទេ ។

អត្ថបទ : សុវណ្ណរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *