ណូរីបាត់ដំបងថ្មី ជិតកើតហើយ

កាលពីមុនបងប្អូនប្រហែលបានធ្លាប់ជិះលេងហើយណូរីចាស់ដែលរត់លើផ្លូវរថភ្លើង សំរាប់ដឹកភ្ញៀវជាតិ និង អន្តរជាតិ ជិះគយគន់កំសាន្តទេសភាពនាខេត្តបាត់ដំបង។ ប៉ុន្តែដោយសារផ្លូវរថភ្លើងចាស់ ត្រូវបាន រុះរើរៀបចំថ្មី ក្នុងគំរោងស្តារផ្លូវដែក របស់ប្រទេសជាតិ បានធ្វើអោយណូរីបាត់ដំបង មិនអាចបំរើភ្ញៀវទេសចរណ៌បានទៀតនោះទេ។

ណូរីចាស់

ប៉ុន្តែបើយោងតាមផេករបស់ Phnom Penh Institute of Technology បានបង្ហោះកាលពីថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអោយដឹងថា ផ្លូវណូរីបង្កើតថ្មី នឹងត្រូវ រត់នៅលើផ្លូវ  ដែលបានសាងសង់ព័ទ្ធមួយជុំចេញពីតំបន់ភ្នំបាណន់ទៅភ្នំសំពៅ។

រីឯគណនីហ្វេសប៊ុកមួយទៀត ឈ្មោះថា E than rith ក៏បានបង្ហោះខ្លឹមសារ ដូចខាងក្រោម

ផ្លូវណូរី​ បង្កើតថ្មី​ បាណ​ន់​ ភ្នំសំពៅ​
បន្ថែមសក្តានុពលទេសចរណ៏ក្នុងតំបន់ឲ្យកាន់តែមានភាពទាក់ទាញ ដោយកន្លងមកផ្លូវណូរីចាស់ មិនមែនជាទីតាំងអេកូទេសចរណ៏ដ៏ទាក់ទាញ ដោយភ្ញៀវអាចបានត្រឹមតែជិះលេង តែប៉ុណ្ណោះ តែឥឡូវនេះភ្ញៀវអាចមកកំសាន្តភ្នំបាណន់ ហេីយបន្តទៅភ្នំសំពៅដោយមិនចាំបាច់ជិះម៉ូតូ ឬរថយន្តទេ ។ជិះកំសាន្តណូរីឆ្លងតាមជួរភ្នំបាណន់ កាត់ព្រៃព្រឹក្សា វាលស្រែ ដងអូរ និងទៅដល់ភ្នំសំពៅតែម្ដង

ផ្លូវណូរីថ្មី

ចំណរកឯគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Rithy Tay ក៏បានបញ្ចេញមតិមកផងដែរថា

មិនមែនពីបាណន់ដល់ភ្នំសំពៅទេ គឺកាត់តាមជើងភ្នំនៃជួភ្នំបាណន់ រហូតដល់ភ្នំរំសាយសក់

ទោះជាយ៉ាងណា យើងខ្ញុំនឹងខិតខំស្វែងរកព័ត៌មានបន្ថែមទៀតអំពីកាលបរិច្ឆេទបើកដំណើរការ និង ទីតាំងជាក់លាក់របស់ណូរីបាត់ដំបងថ្មីនេះ ជូនបងប្អូនបន្តទៀត៕

រូបភាព : Phnom Penh Institute of Technology

រូបិយវត្ថុ សម័យលោកម្ចាស់

អ្នកបាត់ដំបងជំនាន់មុនប្រហែលជាធ្លាប់លឺមកហើយនៅឃ្លាប្រយោគលេងសើចមួយ ដែលគេតែងចំណាំនិយាយលេងនឹងគ្នា នៅពេលនរណាម្នាក់គ្មានប្រាក់ចាយ គេតែងតែនិយាយចំអន់ ថា “បើចង់បានលុយ ទៅយកពីចឹកជុយទៅ!” ។

  • តើចឹកជុយជាអ្នកណា?
  • ហេតុអ្វីបានជាគេចូលចិត្តនិយាយអ៊ីចឹង?

ដើម្បីដឹងមូលហេតុនៃឃ្លាទាំងនេះ យើងសូមជូននូវប្រវត្តិខ្លះ នៃដើមកំណើតនិយាយឃ្លោងឃ្លានេះ ដូចខាងក្រោម:

 

ចឹកជុយ គឺជាអ្នកផលិតប្រាក់ប៉ែ នៅសម័យលោកម្ចាស់ បន្ទាប់ពីលោក  រត្តសារ  ។  នៅដំណាច់សតវត្សទី១៩នេះ រូបិយវត្ថុ មាននាទីកាន់តែទូលំទូលាយឡើងនៅបាត់ដំបង។ គេចាយលុយដែលជាប្រាក់ សុទ្ធ បោះនៅប្រទេសសៀម ឬ មកពីប្រទេសកម្ពុជា។ ខេត្តបាត់ដំបងក៏មានបោះពុម្ពប្រាក់ចាយខ្លួនឯងផងដែរ។  ចឹកជុយ មានបច្ចេកទេសម្យ៉ាងសំរាប់ធ្វើប្រាក់ប៉ែ។ គាត់យកសំណប៉ាហាំង តាមទំងន់ត្រូវការ លាយបរិមាណខ្លះ ដាក់ក្នុងឆ្នាំងដីម្យ៉ាង ហៅថា បាវ  រួចដាំលើភ្លើងអោយរលាយចូលគ្នា។

 

គាត់រៀបផើងមួយ ដាក់ទឹកពាក់កណ្តាល ហើយមានបណ្តែត ដើមចេកមួយកំណាត់ក្នុងនោះ។ គាត់ចាក់ទឹកសំណប៉ាហាំង ដែលក្តៅរលាយ ទៅលើដើមចេក។ សំណក៏ខ្ទាតជាកំទិចល្អិតទៅក្នុងទឹក។ គាត់ស្រង់កំទេចសំណប៉ាហាំង នោះសំដិល អោយស្ងួត។

 

គាត់យកពុម្ពដី ប៉ុនដុំឥដ្ឋ មានរន្ធតូចៗ ប៉ុនកូនដៃច្រើនរួចគាត់ថ្លឹងកំទេចសំណប៉ាហាំងនោះ ចាក់ចូលក្នុងរន្ធនៃពុម្ព។ រួចស្រេចហើយគាត់យកពុម្ពនេះទៅដុតម្តងទៀត។ គាត់ដកយកពុម្ពដាក់អោយត្រជាក់ ដកយកសំណប៉ាហាំងដែលកកជាដុំ មានទំងន់ស្មើរៗគ្នា យកទៅច្របាច់ដោយពុម្ពម្យ៉ាង អោយកើតជារាង ប្រាក់កាក់ មានរូបគ្រុឌម្ខាង និង មានអក្សរខ្មែរ ថា ព្រះតំបង ម្ខាង។

ប្រាក់ប៉ែ សម័យលោកម្ចាស់

ពេលបោះរួច ចឹកជុយតែងតែយកប្រាក់ប៉ែ ទៅហាលនៅកន្ទេលមុខផ្ទះរបស់គាត់ ដូចគេហាលស្រូវអ៊ីចឹង។  ផ្ទះបោះប្រាក់នោះ គឺនៅខាងកើតវត្តដំរីស រ៉បតាមមាត់ស្ទឹង ដែលបច្ចុប្បន្នគឺ ជាសារមន្ទីខេត្ត។

ហេតុដូចនេះហើយទើបមានពាក្យចំអន់អ្នកណាដែលគ្មានប្រាក់ចាយ ថាអោយទៅយកពី ចឹកជុយ

សេចក្តីជូនដំណឹង របស់អគ្គិសនីបាត់ដំបង

ដោយសារល្ងាចមិញនេះមានការផ្តាច់ចរន្តអគ្គិសនីនៅក្នុងក្រុងបាត់ដំបង យើងសង្កេតឃើញថាបងប្អូននៅក្នុងបណ្តាញហ្វេសបុកបានបង្ហោះStatusជាច្រើនទាក់ទងនឹងការផ្តាច់ចរន្តអគ្គិសនីនេះ ។ ហេតុដូចនេះសូមបងប្អូនជ្រាបជាព័ត៌មានដូចខាងក្រោម

អគ្គិសនីបាត់ដំបងមានការចាំបាច់ត្រូវប្តូរ និងជួសជុលបរិក្ខារ ព្រមទាំងសម្រួលប្រព័ន្ធខ្សែរបណ្តាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល ដូចនេះដើម្បីធានាបានលទ្ធភាព និង សុវត្ថិភាពក្នុងពេលបំពេញការងារ អគ្គិសនីនឹងផ្អាកការផ្គង់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នតាមកាលបរិច្ឆេទពេលវេលា និង ទីតាំងដូចខាងក្រោម:

  • ថ្ងៃព្រហស្បតិទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នឹងមានការផ្អាកចរន្តអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសង្កែ និង ស្រុកបាណន់ខេត្តបាត់ដំបង
  • ថ្ងៃសៅរ៏ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នឹងមានការផ្អាកចរន្តអគ្គិសនីនៅស្រុកថ្មគោល បវេល កំរៀង ភ្នំព្រឹក និងផ្នែកខ្លះនៅក្រុងបាត់ដំបង ស្រុកបាណន់ គាស់ក្រឡ មោងឬស្សី ខេត្តបាត់ដំបង។
  • នៅថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នឹងមានការផ្អាកចរន្តអគ្គិសនីនៅក្រុងបាត់ដំបង ស្រុកសង្កែ បាណន់ និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

សូមអានសេចក្តីជូនដំណឹងទាំងស្រុងនៅលើរូបភាពខាងក្រោម

រូបភាព និង ខ្លឹមសារ អត្ថបទ ដកស្រង់ចេញពីហ្វេសប៊ុក អគ្គិសនីបាត់ដំបង

ការប្រើប្រាស់លេខខ្មែរលើផ្ទាំងប៉ាណូ

វា​ជា​ការ​កម្រ​មួយ​ដែរ ដែល​សម័យ​បច្ចុប្បន្ននេះ នៅតាម​បណ្តា​​ប៉ាណូ​នានាស្ទើរ​គ្រប់ទីកន្លែង និង ​ស្ទើរ​គ្រប់​ស្លាក​យីហោ​ផ្សេងៗ ដែល​គេ​តែងតែ​និយម​ប្រើប្រាស់​នូវ​លេខ​រ៉ូម៉ាំង ដោយសារតែ​​ជា​ទម្លាប់​មួយ ហើយក៏​ជា​និន្នាការ​មួយដែល​ប្រជា​ពលរដ្ឋ​យើងធ្លាប់ប្រើប្រាស់​ លេខរ៉ម៉ាំងមកជា​ប្រចាំ។​

​ប៉ុន្តែ​បច្ចុប្បន្ន​គេ​ស​ង្កេត​ឃើញថា នៅតាម​មន្ទីរក្រសួងនានា គឺ​មន្ត្រីរាជការ​យើងមានការ​កែប្រែ​ស្ទើរទាំងស្រុង​ទៅហើយ ពី​ការប្រើប្រាស់​លេខរ៉ូម៉ាំងទៅជា​លេខ​ខ្មែរ​វិញ ទាំង​លិខិត​រដ្ឋបាល ក៏ដូចជាលិខិត​ផ្សេងៗ ឬក៏​ថ្ងៃខែចុះហត្ថលេខា គឺ​មន្ត្រីរាជការ​ទាំង

 

អស់​ ពិសេស​ក្នុង​ខេត្តបាត់ដំបង បាន​ងាក​មកប្រើប្រាស់​លេខ​ខ្មែរ​វិញ​ហើយ។​

ជុំវិញ​បញ្ហា​នេះដែរ ក៏​មានមតិ​ជាច្រើន​បាន​លើកឡើងថា ហេតុដូចម្តេចបានជា​នៅតាម​ក្រុមហ៊ុនផលិត​ប៉ាណូ ឬក៏​នៅតាម​បណ្តា​រោង​ពុម្ព កន្លែង​បោះពុម្ព​ផ្សេងៗ មិន​ព្រម​ប្រើប្រាស់​លេខរបស់​ជាតិ​យើង​វិញ គឺ​គេ​នៅតែ​បន្ត​ការប្រើប្រាស់​លេខរ៉ូម៉ាំងដដែល​ ដូចជា​លេខ​ទូរស័ព្ទ តម្លៃប្រេងឥន្ធនៈ និង ​ការផ្សាយពាណិជ្ជកម្ម​ជាដើម។​ល​។ ដែល​គេ​បាន​លើក​តាំងនៅ​ខាងមុខក្រុមហ៊ុន ឬក៏​នៅតាម​ទីសាធារណៈជាដើម។​

​ប្រភព​ដដែល​បានលើកឡើង​បន្ថែមថា សូម្បីតែ​នៅ​ប្រទេសជិតខាង​យើង ក៏​គេ​មិនបាន​បោះចោល​នូវ​អត្តសញ្ញាណ​ជាតិ​របស់​គេ​ដែរ គឺ​គេ​នៅតែ​បន្ត​ការប្រើប្រាស់​ជា​រៀង​រហូត​មក។ ដោយឡែក ​កម្ពុជា​យើង​គួរតែ​ ក្រុមហ៊ុន​ផលិត​ប៉ាណូ​ធំៗ និង ​រោង​ពុម្ព​នានា​ ពិសេស​អង្គភាព​ពាក់ព័ន្ធគួរតែ​ធ្វើការ​ផ្សព្វផ្សាយ និង ​ណែនាំ​ឱ្យ​ពលរដ្ឋ​ចេះ​ប្រើប្រាស់​នូវ​លេខ​របស់​ខ្មែរ​យើង​វិញ ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​សឹងតែ​សរសេរ​លេខ​ខ្មែរ​មិនត្រូវ​ផង​ ពេលខ្លះ​ដោយសារតែ​ទម្លាប់​សរសេរ​តែ​លេខរ៉ូម៉ាំងខ្លាំងពេកភ្លេច​អត្តសញ្ញាណ​ ជាតិ​ខ្លួន។​

​ថ្មីៗ​នេះ គេ​ស​ង្កេត​ឃើញថា មាន​ទីតាំង​ប្រេងឥន្ធនៈ​មួយកន្លែងយីហោ ទួល​ចារ បាន​ចាប់ផ្តើម​កែប្រែពី​លេខរ៉ូម៉ាំងទៅជា​លេខ​កម្ពុជា​វិញ​ហើយ ក្នុងចំណោម​ផ្ទាំង​ប៉ាណូ​រាប់ពាន់​ដែល​ប្រើប្រាស់លេខរ៉ូម៉ាំង ដូច្នេះ​មានន័យថា ក្នុងចំណោម​ប៉ាណូមួយ​ពាន់​គឺមាន​តែមួយ​ប៉ុណ្ណោះ ដែលចាប់ផ្តើម​កែប្រែ​មុនគេនៅក្នុង​ខេត្តបាត់ដំបង ដោយសារតែ​ទីតាំង​នេះស្ថិតនៅ​ជាប់​នឹងបណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទឹកដី​ស្រុក​សង្កែ ដូច្នេះ​គួរតែ​ពលរដ្ឋ​គ្រប់រូបចាប់ផ្តើម​ប្រើប្រាស់លេខ​ខ្មែរ​វិញ​ប្រហែលជា​ ប្រសើរ​ឡើងវិញនាពេល​អនាគត​៕

 

អត្ថបទ: កាសែតកម្ពុជាថ្មី

 

រឿងរបស់លោកតាដំបងក្រញូង ជារឿងរបស់ខ្មែរ ឬ របស់មន ?

សម្រាប់និមិត្តរូប​របស់​ខេត្ត​បាត់ដំបង មានមនុស្ស​ភាគច្រើន​គឺស្គាល់​ថា​ជារូប​តា​ដំបងក្រញូង ដែល​ប្រវត្តិ​របស់​គាត់ មាន​ជាប់ទាក់ទង​ទៅ​នឹង​ពង្សាវតារ​បែប​ព្រេងនិទាន​របស់​ខ្មែរ ។ រឿង​នោះដំណាលអំពី​មាណព​ម្នាក់ដែល​រកស៊ីកាប់អុសកាប់ឈើ​នៅក្នុងព្រៃ ជាមួយ​អ្នកភូមិផង​ជាមួយ​គ្នា តែ​ដោយ​គាត់មាន​កំលាំងកំហែង​ខ្សោយជាង​អ្នកដទៃ គេក៏ទុក​ឲ្យ​គាត់​នៅ​ដាំបាយ​សម្រាប់​អ្នកផ្សេងទៀតហូប ។ ថ្ងៃមួយ​ពេល​កំពុង​ដាំបាយ គាត់បាន​រើស​មែកឈើ​មួយ​យកមកកូរ​បាយ ធ្វើ​ឲ្យ​បាយ​ទៅ​ជា​ខ្មៅ ដោយ​ខ្លាច​ត្រូវ​មាត់​អ្នក​ដទៃ គាត់ក៏ប្រឹង​ហូបបាយ​នោះ​រហូត​ដល់អស់ ក្រោយ​ពីហូប​បាយនោះអស់ គាត់​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​មាន​កម្លាំង​មហិមា អាចលើក​ដើមឈើ​ធំមួយ​តែម្នាក់ឯង​បាន ។ ក្រោយ​ពី​ឃើញ​ថា​ខ្លួនឯង​ខ្លាំងក្លា និង​អង់អាច​បែបនេះ មាណពនោះក៏គិតចង់ដណ្តើម​អំណាច​ស្តេចផែនដី​ ដោយ ​បាន​ជ្រែក​រាជ្យ​ស្តេច​អង្គមុន នឹង​យក​ខ្សែស្រលាយ​រាជវង្ស​អង្គមុន យក​ទៅ​សម្លាប់ សូម្បី​តែ​ស្ត្រីពោះធំ​ក៏​យក​ទៅ​ដុត រហូត​ធ្វើ​ឲ្យ​ស្ត្រី​ពោះធំ​រាងចាស់ខែម្នាក់ ដែល​ជា​មហេសី​ស្តេចអង្គមុន បានបន្សល់ទុក​កូនប្រុសមួយ​នៅ​កណ្តាល​ភ្នក់ភ្លើង ហើយ​ក្មេង​នោះ​ត្រូវ​ភ្លើង​រោល​រហូតពិការ ពេល​ធំ​ឡើង​គេហៅ​គាត់ថា​ព្រហ្មកិល ។ ស្តេចដំបងក្រញូង បាន​ឲ្យហោរាទស្សន៍ទាស​ ហើយ​ដឹង​ថា​ខ្លួន​នឹង​ត្រូវកំចាត់ដោយ​ទេវបុត្រ​ជិះសេះស. ដែល​ជា​ព្រហ្មកិល ហើយ​នៅពេល​ព្រហ្មកិល​ជិះសេះស.រំលង​លើ​វាំង​របស់ស្តេច​ដំបងក្រញូង ស្តេចដំបងក្រញូង​ក៏ចោលដំបង​នោះ​ទៅលើ​ ហើយ​ដំបង​នោះ​ក៏ធ្លាក់​បាត់​នៅ​ទឹកដី​ខេត្ត​បាត់ដំបង​សព្វថ្ងៃ ទើប​បាន​ជាមាន​ឈ្មោះ​ថា​បាត់ដំបង​ដូច្នេះ ។

(លោកអ្នកអាចអានរឿងបន្ថែមនៅតំណភ្ជាប់នេះបាន)

នៅសាធារណរដ្ឋប្រជាមានិតឡាវ មាន​ខេត្ត​មួយ​ឈ្មោះថាខេត្ត​ខាំមួន នៅ​ទីនោះ​មាន​ប្រវត្តិ​ទាក់ទង​នឹង​ស្តេច​មួយ​អង្គ​មាន​ព្រះនាម​ថា​ស្រីគោត្របង ដែល​មកដល់សព្វថ្ងៃ ក៏​នៅ​មាន​ចេតិយ និង​មាន​ការសាងសង់ជារូប​តំណាង​នៅ​ទីនោះផងដែរ ។ ប្រវត្តិ​រឿងព្រេងឡាវ​ទាក់ទង​ទៅនឹង​ស្រីគោត្របង គឺ​មាន​រឿង​ដំណាល​ប្រហាក់ប្រហែល​ទៅនឹង​រឿង​របស់​ដំបងក្រញូង​របស់​ខ្មែរដែរ គឺ​មានមាណពម្នាក់ មាន​សុខភាព​ខ្សោយ ពេល​ចូលទៅ​កាប់អុស គេក៏ទូកឲ្យ​នៅដាំបាយ ហើយ​គាត់ក៏បានរើស​មែកឈើ​មួយ​យកមក​កូរ​បាយ ធ្វើ​ឲ្យ​បាយ​ឡើង​ខ្មៅ ហើយ​គាត់ក៏​ហូប​បាយ​នោះតែ​ម្នាក់ឯង ជាហេតុ​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំងខ្លាំងក្លា រហូត​អាច​ឡើង​ដឹកនាំតំបន់​មួយ នៃ​ខេត្ត​ខាំមួន​បច្ចុប្បន្ន ។ ស្រីគោត្របង បាន​រៀបអភិសេក​នឹង​បុត្រី​របស់​ស្តេច​នៅនគរនោះ តែស្តេចនោះតែងតែ​ខ្លាច​ស្រីគោត្របង​ជ្រែករាជ្យ​របស់​ខ្លួន ទើប​ធ្វើឲ្យ​​ស្តេច​នៃ​នគរ​នោះ​បាន​ប្រើល្បិច​ហៅ​ស្រីគោត្របងទៅ​ចូលរួមពិធី​មួយ​នៅក្នុង​វាំង​របស់​ខ្លួន ហើយ​បាន​រៀបចំគន្លឹះ​ជា​លំពែងដែក​នៅក្នុង​បង្គន់ ពេល​ស្រីគោត្របង ចូល​ទៅប្រើបង្គន់ ក៏ត្រូវ​លំពែង​ដែក​នោះ​ចាក់ពីគូទ រហូត​ដល់​ក្បាល​ស្លាប់​មួយ​រំពេច ។ សាកសព​របស់​ស្រគោត្របង ត្រូវ​បាន​គេ​អូសទម្លាក់​បណ្តែត​ចោល​តាមទឹក​ទន្លេ​មេគង្គ នៅពេលហូរ​មកដល់​ខេត្ត​ខាំមួន ប្រជាជន​នៅទីនោះ​ស្គាល់​ថា​ជា​អ្នកគ្រប់គ្រង​របស់​ខ្លួន ក៏​នាំ​គ្នា​ស្រង់សាកសព​ចេញ​ពីទឹក និង​សាង​ជា​ចេតិយ​ធំមួយ​តម្កល់​សាកសព​របស់គាត់​រហូត​មក ។

មាន​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត បាននិយាយ​ថា ស្រីគោត្របង គឺជា​រាជាណាចក្រ​ព្រះពុទ្ធសាសនា​មួយ​របស់​មន ដែលមាន​អាណាបរិវេណ​នៅ​តំបន់​ភូមិភាគ​ឥសាន​របស់​ថៃ គឺ​នៅ​ខាងលើបន្តិច​នៃ​ខេត្តសុរិន្ទ ស្រីស្លកែត និង​បុរីរម្យ​ និង​នៅ​ភូមិភាគកណ្តាល​របស់​ឡាវ ហើយ​រាជាណាចក្រ​របស់​មននោះ គឺ​មាន​ភាព​រុងរោចន៍​នៅ​សតវត្ស​ទី ៥ និង ទី ៦ នៃ​គ្រឹស្តសករាជ ដោយ​មូលដ្ឋាន​សំខាន់​នៃ​រាជាណាចក្រ គឺ​ស្ថិត​នៅ​ខេត្ត​នគរភ្នំ ខាង​ឆ្វេង​ទន្លេ​មេគង្គ នៅក្នុងប្រទេសថៃ​សព្វថ្ងៃ និង​ស្ថិត​នៅខេត្ត​ខាំមួន ខាងស្តាំ​ទន្លេ​មេគង្គ នៅក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ ។ សិល្បៈ វប្បធម៌​របស់​មនមួយ​ចំនួន​នៅក្នុងតំបន់នោះ គឺ​មាន​អាយុកាល​មុន​ ឥទ្ធិពល​នៃ​សិល្បៈ និង​វប្បធម៌​របស់​ខ្មែរ​នៅ​តំបន់នោះ​ទៅទៀត ដែល​នេះ​បង្ហាញ​អំពី​ការកាន់កាប់​ទឹកដីនេះ​ពីដំបូង​ដោយ​មន ក្រោយ​មក​ដោយ​ខ្មែរ និង​បន្ត​ដោយ​ឡាវ និង​ថៃ ។

ងាកមក​មើល​ខេត្ត​បាត់ដំបង​វិញ នៅសម័យ​ថៃ​គ្រប់គ្រង​ខេត្ត​នេះ ដោយ​ឲ្យ​ខ្សែស្រលាយ​របស់​ស្តេចត្រាញ់​ខ្មែរ​គ្រប់គ្រង គឺ​ឧកញ៉ាចៅហ្វាប៉ែន គ្រប់គ្រង​តាំងពី​ចុង​សតវត្ស​ទី ១៨ រហូត​ដល់​ដើម​សតវត្សទី ២០ ។ នៅពេលនោះ​ថៃ​ហៅ​ខេត្ត​បាត់ដំបងថា ព្រះត្របង គឺ​មាន​ឈ្មោះ​ស្រដៀង​គ្នា​នឹង​ ស្រីគោត្របង ដែរ ប្រហែល​ពាក្យ​ថា​ ត្របង នេះ គឺ​ជាពាក្យ​មន មាន​ន័យ​ថា​ដំបង​ហើយ​មើលទៅ ព្រោះ​ថា​ពាក្យមាន​ព្យាង្គ​តម្រួត​ជើង «រ» ភាគច្រើន មិនមែន​ជា​ភាសា​ថៃ ឬ​ឡាវ នោះទេ ។​ គោរមងារ​របស់​ស្តេចត្រាញ់​គ្រប់គ្រង​តំបន់​នោះ​ពីបុរាណ មាន​ងារ​ថា គទាធរ ឬ​បញ្ចេញ​សម្លេង​ជា​ភាសាថៃ​ថា កថាថន ដូចមាន​ពាក្យ​ហៅ​លោក​ម្ចាស់​បច្ចឹម ដែល​ធ្លាប់​គ្រប់គ្រង​បាត់ដំបងថា កថាថន​ឈុំ (ជុម) ។ ពាក្យ​ថា​ គទាធរ នេះ ជាភាសា​សំស្ក្រឹត មានន័យ​ថា អ្នកកាន់ដំបង ឬ​ក៏​អ្នក​ដែល​ប្រើ​ដំបង​ជា​អាវុធ ហើយ​ គទាធរ​ នេះ គឺ​ជា​ឈ្មោះ​មួយ​របស់​តួអង្គ ភីមៈ ជាត្រកូល​បណ្ឌវៈ នៅ​ក្នុង​រឿង​មហាភារតៈយុទ្ធ ដោយសារតែ​ភីមៈ ជា​អ្នក​ជំនាញ​ខាង​ប្រើ​ដំបង ។ ខ្ញុំ​មិនដឹង​ថា​គោរម​ងារ​ គទាធរ នេះ មាន​មក​តាំងពីពេល​ណានោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ការដាក់​គោរមងារ​ឲ្យ​អ្នក​គ្រប់​គ្រង​ខេត្ត​ខណ្ឌ​ពីបុរាណ តាម​ឈ្មោះ​នៃ​មេទ័ព ឬ​ក៏តួអង្គសំខាន់​នៅក្នុង​រឿង​មហាភារតៈ គឺ​មាន​នៅក្នុង​សង្គម​ខ្មែរ​រហូត​ដល់​ដើម​សម័យ​អណានិគម​បារាំង ជាក់​ស្តែង​គឺ​ឈ្មោះ​ឧកញ៉ា អរជូន ឬ​អរជុន នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​ងារនេះ​យើងឃើញ​ថា​មាន​នៅក្នុង​រឿងទុំទាវ តាំងតែ​ពី​សម័យ​លង្វែក ហើយ​អរជុន​នេះ ចាត់ទុក​ជាតួអង្គ​ដ៏សំខាន់បំផុត​មួយ​នៅក្នុង​រឿង​មហាភារតៈ ហើយ​នេះ​គ្រាន់តែ​ជាឧទាហរណ៍​មួយ​នៃ​ការប្រើ​ឈ្មោះ​តួអង្គ​នៅក្នុង​រឿង​មហាភារតៈ​យកមក​តាំងជា​គោរមងារ​នៅ​ក្នុង​ការគ្រប់គ្រង​ខេត្ត​ខណ្ឌ​របស់​ខ្មែរ​តាំងអំពី​បុរាណកាល​មក ។

ទោះជាយ៉ាងណា ក៏ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ប្រាកដប្រជា​ថា​រឿង​តាដំបង​ក្រញូង គឺ​ជា​រឿង​ដែលកើតឡើង​នៅក្នុង​ប្រវត្តសាស្ត្រ​ខ្មែរ ឬ​ក៏​ប្រវត្តិសាស្ត្រ​របស់មននោះដែរ វា​បាន​ក្លាយ​ទៅ​ជារឿងនិទាន​រួម​គ្នា​នៃ​ជាតិសាសន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​រួចទៅហើយ គឺ​មិនខុសគ្នា​អំពី​រឿង​ធនញ្ជ័យ​នោះទេ ។

អត្ថបទ : សុវណ្ណរដ្ឋ