ប្រវត្តិលោកតាដំបងក្រញូង [ភាគទី២]

នៅពេលដែលនាយញូងកំពុងតែមានកម្លាំងកើនមហិមាដូចដំរីសារប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញមកធ្វើជាអាវុធ។ គឺដំបងឈើគ្រញូងមានប្រវែង ប្រាំហត្ថមួយចង្អាម។ នាយញូងចាប់យកដំបងនោះមកគ្រវី វិលញាប់ស្មេ ដូចកងចក្រ ហើយនាយក៏អាចហក់លោតបានដល់កម្ពស់ទៅ ១៥ហត្ថផងដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញ ឬទ្ធិចេស្តារបស់នាយញូងខ្លាំងអស្ចារ្យដូចនេះ ក៏បានដាក់ឈ្មោះឱ្យថា ​ដំបងក្រញូង ជាប់ជារៀងដរាបរហូតមក។ ដឹងច្បាស់ថាខ្លួនមានកម្លាំង ខ្លាំងក្លាពូកែ លើសអស់មនុស្សធម្មតា ហើយ មានឬទ្ធិបុណ្យអំណាច នាយញូងក៏ចាប់ផ្តើម បែកគំនិតចង់សោយរាជ្យធ្វើជាស្តេចដូចដែលក្រុមជនកំណែនទាំងអស់ឱ្យឈប់កាប់ឈើសំរាប់យកទៅសង់ព្រះរាជវាំងស្តេច។ ក្រុមកំណែនទាំងអស់ត្រូវនាំគ្នាកាប់ឈើធ្វើជាដំបងព្រនង់វិញ និង នាំគ្នាកាន់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នារៀបចំហ្វឹកហ្វឺនជា កងទ័ពដើម្បីចេញដំនើរ ទៅព័ទ្ធវាយវាំង ប្រហារស្តេចព្រះបាទចក្រព័ត្រ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមីរដើរតាម ដំបងគ្រញូង ដូច្នេះគេអាចរួចពីកំណែន លែងនឿយហត់កាប់ឈើជញ្ជូថ្មបំរើស្តេចទៀត។

ពង្សាវត្តាវត្តទឹកវិលប្រាប់ថា ដំបងគ្រញូងលើកទ័ព១០ម៉ឺននាក់ទៅឡោមព័ទ្ធព្រះមហានគរ។ ព្រះមហាក្សត្រព្រះនាម ចក្រព័ត្រគ្រានោះ ដែលកំពុងមានជំងឺរោគាព្យាធិយ៉ាង ទម្ងន់ ព្រះអង្គបានចែកទ័ពជាពីរផ្នែក ឱ្យចេញទៅទប់ទល់នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយត្រូវចេញទៅក្រៅទីក្រុងវាយប្រយុទ្ធប្រឈមមុខផ្ទាល់នឹងសត្រូវ។ ឯទ័ពផ្នែកទីពីរត្រូវនៅប្រចាំការពារ ព្រះរាជធានី។ ការប៉ះទង្គិចរាំងជល់គ្នារវាងទ័ពទាំងពីរមានសភាព ខ្លាំងក្លាគួរឱ្យរន្ធត់។ ទាហានពលសេនាទាំងសងខាងស្លាប់និង របួសច្រើនមីរដេរដាស ។ ប៉ុន្តែមិនយូរប៉ុន្មានទ័ពរបស់គ្រញូង ក៏ចាប់ផ្តើមមានប្រៀបជាង ហើយក៏យកបានជោគជ័យកំទេចទ័ព ទីមួយរបស់ស្តេច ព្រះចក្រព័ត្រ។ ដំបងគ្រញូងវាយសម្រុក រុលរុកតទៅមុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះនគរ។ ខាងព្រះមហាក្សត្រ នៅសល់តែទ័ព ទុកសម្រាប់ការពារ ទីក្រុងតែ ប៉ុណ្ណោះ។ ទោះបីជាដូច្នេះក៏ដោយ ក៏ទ័ពរបស់ដំបងគ្រញូងនៅតែពុំអាចវាយ ដណ្តើមយករាជធានីបានដែរ។ កងទ័ពដំបងគ្រញូងឡោមព័ទ្ធព្រះមហានគរអោយរយៈពេល ២ខែហើយនៅតែមិនទាន់បានជ័យជំនះផ្តាច់ព្រ័ត្រទៀត។ ក្នុងឱកាសនោះដំបងគ្រញូង ចាត់ពលសេនាគ្រប់រូបឱ្យ ប្រដាប់ជាប់នឹងខ្លួននូវ ចន្លុះនិង ជ័រឈើ។ លុះយប់ជ្រៅកាលណា ដំបងគ្រញូង ក៏បញ្ជាឱ្យពលរេហ៏ ទាំងអស់វាយប្រហារសន្ធប់ យ៉ាងគគ្រឹកគគ្រេង ដាក់ជណ្តើរលោតផ្លោះឡើងកំពែង មហានគរ យ៉ាងរហ័សរហួន ហើយចាក់ស្រោចស្រព និង ដុតជ័រឈើ បោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណ ក្រុង។ មិនយូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូង ក៏វាយកំទេចទ្វារមហានគរ បានដោយជោជ័យ ហើយក៏រត់សម្រុកចូលវាយលុក រុករុល ប្រហារកាប់ចាក់យ៉ាងសាហាវឥតត្រាប្រណី ទៅលើកងទ័ពព្រះរាជា និង ប្រជាពលរដ្ឋស្លូតត្រង់ ទាំងប្រុសស្រីទាំងចាស់ ទាំងក្មេង ។ ក្នុងគ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងដែលមានជម្ងឺយ៉ាងធ្ងន់ធ្ងរ ផ្ទំនៅលឺព្រះទែន កាលបើលឺសូរស្នូរ អាវុធប៉ះ ទង្គិចគ្នា ឃើញភ្លើងកំពុងតែឆាបឆេះព្របរមរាជវាំង លឺសូរ សម្លេងស្រែកហ៊ោរ កញ្ជ្រៀវអឺងកង លាយឡំដោយការយំយែក ស្រែកឈឺចុកចាប់ព្រះអង្គខំប្រឹង ងើបឈរដេកព្រះខ័ន ដើម្បីចេញទៅតស៊ូ។ តែព្រះអង្គត្រូវដួលធ្លាក់មកលើព្រះក្រឡាបន្ទំវិញ ហើយសុគតក្នុងគ្រានោះទៅ។

សូមរង់ចាំអានបន្ត ប្រវត្តិលោកតាដំបងក្រញូង [ភាគទី3]

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី១]

នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុកបានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលាឬក៏មច្ចុរាជ ) យកដាវមួយមកហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បានទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាងសែនមានផ្ទៃពោះ តែងតែចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ដាំលំអតាមសួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា នាងសែនសម្រាលបានកូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។

លុះចូលដល់វ័យល្មមនឹងសិក្សាបានកុមារ ញូង ត្រូវបានឪពុកម្តាយ យកទៅឱ្យរៀនសូត្រក្នុងសលោកម្នាក់ គ្រូចៅអធិការវត្តភ្នំ។ ស្លេះសេចក្តីប៉ុណ្ណឹងចុះ នឹងនិយាយអំពីព្រះបាទចក្រព័ត្របន្តិចសិន។

កាលដែលព្រះបាទស័ង្ខចក្រ ឬ ស្តេចគំលង់ ព្រះមហាក្សត្រខ្មែរ ទី១៥ ចូលទីវង្គត ទៅ ព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម ចក្រព័ត្របានឡើង សោយរាជសម្បតិ្ត គ្រប់គ្រងប្រទេសកម្ពុជាបន្តពី ព្របិតាក្នុងព្រះជន្ម២១វស្សា។

ពិធីអភិសេកព្រះចក្រព័ត្រជាព្រះមហាក្សត្របានប្រារព្ធយ៉ាងឱឡារិកនៅថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំ វក ព.ស ១៥១៦ ត្រូវជា គ.ស៩៧២ ។ ព្រះអង្គជាស្តេចខ្មែរទី ១៦ហើយ មានព្រះរាជបរមនាមថា ព្រះបាទសម្តេចព្រះចក្រពត្រាធិរាជមរមបពិត្រ។ ព្រះអង្គគង់នៅព្រះបរម រាជវាំងមហានគរដដែល។

ព្រះបាទចក្រព័ត្រ មានព្រះរាជាបុត្រពីរព្រះអង្គ។ បុត្រច្បង ព្រះនាមបទុមកុមារ ប្រសូត្រ នៅឆ្នាំវក និង ព្រះរាជបុត្របន្ទាតប់ព្រះនាមសិរីកុមារ ប្រសូត្រនៅ ឆ្នាំរកា។ ជាមួយគ្នានេះអ្នកម្នាងកែវ ត្រូវជាមហេសីម្នាក់ទៀតរបស់ស្តេចចក្រព័ត្រ ក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ត្រូវជាគ.ស ១០០០។  សម័យមួយព្រះរាជាបានចេញបញ្ជាឱ្យនាម៉ឺន សព្វមុខមន្ត្រីកេណ្ឌ ប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌ ឱ្យមកកាប់ឈើជញ្ជូនថ្ម សាងសង់ព្រះបរមរាជវាំង និង បាចទឹកសំអាត ស្រះ អូរប្រឡាយតូចធំក្នុងព្រះនគរ។ ក្នុងចំនោមប្រជាជនកំណែន ទាំងនោះគេឃើញមានបុរសម្នាក់មាឌមាំរាងធំ សម្បុរខ្មៅ ឈ្មោះនាយញូង។ នាយញូងត្រូវចៅហ្វាយខេត្តចាត់ឱ្យធ្វើជាមេរយពួកកំណែន ហើយបញ្ជូនទៅបំពេញការងារឯមហានគរ ។ ក្រុមរបស់នាយក្រញូង ត្រូវគេបង្គាប់ឱ្យទៅ កាប់ឈើ និង ជញ្ជូនថ្ម នៅជើងភ្នំដងរែក។ ក្រុមកំណែនខ្លះទៀត ក៏មានទៅធ្វើការឯភ្នំគូលែនដែរ។

ព្រឹត្តការណ៏កំណែន នេះ បានធ្វើឱ្យប្រជាជនខ្មែរទាំងប្រុស ទាំងស្រី ខឹងសម្បាក្តៅក្រហាយគ្រប់ៗគ្នា។ គឺដោយសារខ្លាចអំណាចស្តេច ខ្លាចទទួលទោសពៃរ៏ ម្ល៉ោះហើយ ម្នាក់ៗចេះតែខាំមាត់សង្កត់ធ្មេញ គោរពធ្វើតាមតែបញ្ជាទៅ។

ថ្ងៃមួយនាយញូង ត្រូវដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្លចំអិនម្ហូបអាហារ សំរាប់សមាជិកក្រុមកំណែនឯទៀត ដែលទៅបំពេញភារកិច្ច។ វេលាដាំបាយឆ្អិនកាលណា នាយញូងរកអ្វី មិនបានមកជ្រួយបាយ ក៏ងាកឆ្វេងស្តាំ ស្រាប់តែក្រឡេកឃើញមែកដើមរកាខ្មៅ។ នាយញូងក៏ឈោងចាប់យកមែកដើមរកាខ្មៅនេះមកជ្រួយបាយ។ រំពេចភ្លាមនោះ បាយដែលមានពណ៌សស្គុះ ក៏ប្រែក្លាយជា ខ្មៅវិញ ដោយក្តីហេវហត់ និង ឃ្លានផងនាយញូង ក៏បរិភោគ បាយពណ៌ខ្មៅនោះ ទាល់តែអស់ពីខ្ទះ។ បន្ទាប់មកនាយញូងក៏ចាប់ផ្តើម ដាំបាយថ្មីសំរាប់សមាជិក កំណែនឯទៀត។តែម្តងនេះដល់ពេល នាយញូងរកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ ស្រាប់តែមែកឈើនោះ បាត់ស្រមោល រកមិនឃើញ។ មែកដើមរកាខ្មៅ ដែលបាននោះ គេមិនដឹងឡើយថា ជាអន្តរាគមន៏របស់ទេវតាឬ ខ្មោចអារក្សយកមកដាក់ ហើយលាក់បំបាំងវិញ! ប៉ុន្តែបើតាម ពង្សាវតារវត្តទឹកវិល ក្នុងស្រុកស្អាង ខេត្តកណ្តាលបាន សរសេរកត់ត្រាទុក មកថា ដោយគុណបុណ្យបារមីនាយញូងនឹង ត្រូវបានធ្វើជាស្តេច ទើបបានជាទេវតាមកដាក់បណ្តុះ ឱ្យមានដើមរកាខ្មៅ ដុះនៅចំកណ្តាលកន្លែងដែលពួកកំណែនរបស់នាយញូង ត្រូវមកបោះជំរុំតាំងទីយ៉ាងដូច្នេះ។

គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្តើមមានកម្លាំងខ្លាំងក្លា កើតឡើងប្រឺសៗ ជាលំដាប់ដោយមិនដឹងខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយទើប នាយដឹងថាមានកំលាំងខ្លាំងអស្ចារ្យស្មើរនឹង ដំរីសារប្រាំពីរ។ នាយញូងអាចពត់កាច់និង ដកដើមឈើទាលបានយ៉ាងងាយស្រួលមិនបាច់ខំ។ ក្រុមកំណែនទាំងអស់កាលបើឃើញមហិទ្ធិរិទ្ធិបារមី នាយញូង សមាជិកកំណែនទាំងនោះ ក៏នាំគ្នាបាក់បបខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ។ ម្នាក់ៗយល់និង ជឿថានាយញូង ជាតួអង្គព្រះបាទធម្មិកដែលយាងចុះមកចាប់កំនើតជាមនុស្សលោក ដើម្បីស្រោចស្រង់ និងលើកស្ទួយតម្កើងព្រះពុទ្ធសាសនា។ ប្រជាជនកំណែន ទាំងនោះនាំគ្នាសុំចុះចូលបំរើ នាយញូង ហើយសុំតែងតាំងឱ្យឡើងធ្វើជាស្តេច។

សូមរង់ចាំអានបន្ត ប្រវត្តិលោកតាដំបងក្រញូង [ភាគទី២]

ប្រវត្តិស្ទឹងសង្កែ

ស្ទឹង​សង្កែ ជាស្ទឹងដ៏សំខាន់ហូរកាត់ ទីប្រជុំជនបាត់ដំបង។ ស្ទឹងនេះ មានប្រភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅត្រង់តំបន់ ប៉ៃលិន ដែលគេហៅថា ស្រុកលើ មានស្ទឹងអូរតូចៗ ជាច្រើនហូរចាក់មក ដូចជា អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹង​កំពង់គល់ ។ល។

កាលដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនបាត់ដំបង ស្ទឹងសង្កែ​ហូរបែកជាពីរ គឺ អូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹង អូរដំបងនេះ ដើម្បី អោយទឹកហូរ មកតែមួយផ្លូវ តាមស្ទឹងដដែលដែលហូរកាត់ ទីប្រជុំជនបាត់ដំបង។

តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ មកនិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូច មួយមានទទឹងប្រហែល ៤ទៅ៥ម៉ែត្រ ត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង។ គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថា គុម្ពសង្កែ ៗ។ តមកគេបានសាង វត្តនេះឡើងហៅថា វត្តសង្កែ ។​​ ឯតួស្ទឹងធំសំរាប់បាត់ដំបង គឺស្ទឹងនៅត្រង់ ភូមិអូរដំបង សព្វថ្ងៃនេះបានជានៅខាងចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់ 

ក្នុងឱកាសដែលទប់ស្ទឹងនេះ គេធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនគ្រា។ ទើបពេលក្រោយ គេយកទូកថ្វែ ធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។ មានចាស់ៗភាគច្រើន ដែលបានចាំរឿងរ៉ាវនិយាយតៗគ្នាមកថា គេធ្វើពិធីបួងសួង ដោយសំលាប់ស្ត្រី មានគភ៌ម្នាក់ បួជាវត្ថុសក្តិសិទ្ធិ ដែលរក្សាទំនប់នេះផង។ ត្រង់នេះហៅថា ព្រែក​ពណ្ណរាយ ។

មានចាស់ទុំមួយពួកទៀត បាននិយាយថា គេបានធ្វើកូនសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធរា ព្រះហស្ថ ១អង្គ ព្រះពុទ្ធប្រក់នាគ ១អង្គ និងព្រះនរាយណ៏ ១អង្គ នៅក្បែរទំនប់នោះ។
តាំងពីថ្ងៃនោះមក ទំនប់ក៏លែងបាក់ ទឹកស្ទឹងក៏ហូរតាមស្ទឹងបាត់ដំបង កាន់តែរីកធំឡើងៗ។ ស្ទឹងដែលហូរតាមអូរដំបងក៏កាន់តែរាក់តូចទៅៗ បន្តិចម្តងៗ។ នេះបើតាមឯកសាររបស់ ព្រះគ្រូ សិរីសត្ថា កែវសាង អនុគណៈ ស្រុកបាត់ដំបង បានពណ៌នា។

តាមឯកសារ បានសន្និដ្ឋានបានថា ទំនប់នេះ ប្រហែលជាសាងសង់មុន ឆ្នាំ ១៧៩៥ទៅទៀត។

(ដកស្រង់ចេញពីសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ ទំព័រ ៣៩)

ទោសប្រហារជីវិត សម័យលោកម្ចាស់

មុនឆ្នាំ​ ១៩០៧​​ កំឡុងពេលបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់លោកម្ចាស់​ មានការកាត់ទោសប្រហារជីវិត​ ដល់ជនណាដែលប្រព្រឹត្តបទល្មើសខុស នឹង ច្បាប់ដែល​លោកម្ចាស់តែងតែបង្កើតអោយគោរពតាមតែទំនើងចិត្ត​។ ការកាត់ទោសប្រហារជីវិត​ គឺគេប្រើដាវដើម្បីកាត់ក្បាល។​ ដាវដែលប្រើសំរាប់ប្រហារជីវិតរបស់លោកម្ចាស់​ មានឈ្មោះថា​ ស្រីខ្មៅ។​

រូបភាពតំណាង

អ្នកស្រុកតែងនិយាយថា ដាវស្រីខ្មៅនេះ មុដខ្លាំងណាស់ គឺគេអាចកាប់ទៀនដែលដោតបញ្ឈរអោយដាច់ជាពីរបានដោយមិនដួល​ លុះត្រាតែយើងយកដៃទៅប៉ះ​ ទើបទៀននោះដួល។ ដាវនេះមានតំណមខ្លាំងណាស់​ តែកាលណាដកចេញពីស្រោមហើយ​ គឺត្រូវតែកាត់ក្បាលអោយបាន២នាក់។​ ដោយសារតែមនុស្សសម័យនោះ​ មានភាពស្លូតត្រង់ ​មានថ្ងៃមួយដល់ថ្ងៃត្រូវប្រហារជីវិតជនល្មើស ជនល្មើសក៏ត្រូវធ្វើដំណើរទៅមាត់រណ្តៅ​ ដើម្បីធ្វើការប្រហារជីវិត​ តែដោយសារថ្ងៃនោះ​ អ្នកទោសមានតែម្នាក់ ពិជ្ឍឃាត ក៏ប្រាប់អ្នកទោសថា​ មិនមានដៃគូ ដូចនេះអ្នកទោសអាចទៅផ្ទះវិញ ដោយរស់នៅជុំបងប្អូនធម្មតា រង់ចាំដល់ថ្ងៃមានដៃគូ។ ​លុះដល់ថ្ងៃមានគូ ភ្នាក់ងារខាងតុលាការ ក៏ទៅហៅអ្នកទោសដល់ផ្ទះ ដើម្បីយកមកប្រហារជីវិត។ រណ្តៅប្រហារជីវិត​ ត្រូវបានគេជីកនៅខាងកើតស្ទឹង ម្តុំត្រង់ស្ពានរថភ្លើង​( បច្ចុប្បន្នម្តុំ​ផ្លូវភូមិចិន ហួសជិតដល់ស្ពានរថភ្លើងរួចបត់ឆ្វេង) ។ ពេលទៅដល់មាត់រណ្តៅ គេចាប់អ្នកទោសអោយលត់ជង្គង់​ គេមិនចង់ដៃ ឬ​ ជើងទេ គឺគេយកតែក្រណាត់ខ្មៅមកចងបិទភ្នែកអ្នកទោសតែប៉ុណ្ណោះ។ គេសៀតផ្កាក្រហមនៅត្រចៀកអ្នកទោសផងដែរ។  ហេតុនេះហើយ ទើបចាស់ៗសម័យនោះ ហាមក្មេងៗ មិនអោយលេងចងសៀតផ្កាក្រហមនៅត្រចៀកឡើយ ព្រោះវាដូចជាអ្នកទោសដែលគេរៀបនឹងប្រហារជីវិត ។ពេជ្ឍឃាត មានពីរនាក់​ មួយជាអ្នកឈរខាងមុខ​​ ឈរជន្លរដាវដាក់អ្នកទោស  មួយទៀតជាអ្នកកាត់ក្បាលឈរនៅខាងក្រោយ រួចគេទំលាក់អ្នកទោសចូលរណ្តៅ ហើយគេយកក្បាលទៅដោតនៅនឹងផ្លូវរ៉បមាត់ស្ទឹង ជិតស្ពានរថភ្លើងសព្វថ្ងៃ។

ទីប្រជុំជនបាត់ដំបង នៅឆ្នាំ ១៩០៧

តាំងពីយូរណាស់មកហើយ ក្រុងបាត់ដំបងមានទីតាំងនៅត្រង់ដដែល គ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ គឺលាតសន្ធឹងតាមត្រើយខាងលិច​នៃស្ទឹងសង្កែ​តាំងពីភាស៊ីស្រា (ផ្សារលើសព្វថ្ងៃ) រហូតដល់ព្រែកមហាទេ (សួនព្រែកមហាទេព)។ កាលឆ្នាំ១៩០៧​ បាត់ដំបងជាទីប្រជុំជនតូច​ មានថ្នល់តែមួយស្របតាមដងស្ទឹង (ផ្លូវលេខ១) ។ អ្នកស្រុកសង់ទីលំនៅរកេតរកូតសងខាងថ្នល់នេះ។ អ្នកប្រាជ្ញបារាំង ឈ្មោះ​ ដែឡាប៉ក បានមកធ្វើទស្សនកិច្ចនៅបាត់ដំបងកាលពីឆ្នាំ ១៨៨០​ បានសន្និដ្ឋានថា ទីប្រជុំជនបាត់ដំបង មានប្រជាជនប្រហែល ២៥០០នាក់។ គេអាចចែកទីក្រុងបាត់ដំបង នៅពេលនោះជាពីរសង្កាត់គឺ :
  • សង្កាត់មុខកំផែង
នៅត្រើយខាងលិចនៃដងស្ទឹងសង្កែ ខាងត្បូងទីប្រជុំជនមានកំផែង​ ធ្វើពីអិដ្ឋបូកបាយអរ​ បណ្តោយ ៧២០ម៉ែត្រ គឺពីត្រង់ផ្លូវបំបែកទៅប៉ៃលិន​ មកទល់និងមន្ទីរប្រៃសណីយ៍សព្វថ្ងៃ ហើយមានទទឹង ៤៨០ម៉ែត្រគឺ ពីផ្លូវលេខ ១ ដល់ក្រោយពន្ធនាគារសព្វថ្ងៃ (សព្វថ្ងៃ ផ្សារទំនើបបុរីថ្មី) ។ ប៉ុន្តែកំផែងនេះ គេរុះរើចោលនៅឆ្នាំ ១៩១០។ នៅខាងត្បូងកំផែង ត្រង់ផ្សារលើសព្វថ្ងៃ មានរោងបិតស្រា របស់លោកស្រីពិភក្តិ។ តាមដងស្ទឹង ហូរហែទៅទិសខាងជើងមានថ្នល់មួយកាត់មុខកំផែងនិង កាត់មុខទីប្រជុំជន។ មកដល់ត្រង់ជ្រុងអាគ្នេយ៍នៃកំផែង ផ្លូវថ្នល់បែកជាពីរគឺ មួយស្របតាមជើងកំផែង មួយទៀតបែកទៅមាត់ស្ទឹងទៅជួបផ្លូវទី១ ជាផ្លូវធំនៅ អូរតាគាំ។ នៅមុខក្លោងទ្វារ ទាំងពីរខាងកើតនៃ កំផែង មានផ្លូវពីរ​កាត់ទទឹង ភ្ជាប់ផ្លូវស្របកំផែង និង ផ្លូវមាត់ស្ទឹង។
មុខកំផែងជាសង្កាត់លំនៅឋានរបស់អភិជន មានផ្ទះថ្ម និង ផ្ទះឈើ សង់លាយចំរុះគ្នារកេតរកូត ឥតសណ្តាប់ធ្នាប់​ប្រជ្រៀតគ្នា នៅក្បែរថ្នល់ ហើយផ្ទះភាគច្រើនសង់ចុះជ្រៅទៅក្នុងស្ទឹង គឺជើងសរសេរក្រោយនៅក្នុងទឹកតែម្តង។ នៅមុខកំផែងមិនមានផ្ទះនៅខាងលិចផ្លូវទេ ពីព្រោះផ្លូវនេះស្របកៀកនិងកំផែងណាស់។ នៅជាប់ផ្លូវស្របកំផែង ពីត្បូងទៅជើង អ្នកដំណើរអាចសង្កេតឃើញផ្ទះសំខាន់ៗដូចជា ផ្ទះមហាថៃ ផ្ទះផ្យាអភ័យលឿម និង ផ្ទះថ្ម ៣ជាន់មួយខ្នង សំរាប់ទទួលកិត្តិយសដែល អ្នកស្រុកហៅថា “តឹកខ្ពស់”។ មកដល់ក្លោងទ្វារខាងជើង ខាងកើតមានទីធ្លាស្រលះ ដែលអ្នកស្រុកនាំគ្នាយក​ ផលិតផលរបស់ខ្លួនមកលក់ដូរ ហើយ និយមហៅថា “ផ្សារមុខកំផែង”  (ត្រង់សួននាគសន្តិភាព សព្វថ្ងៃ)។ ផុតពីផ្សារនេះទៅគឺជាងសង្កាត់រដ្ឋបាល ដែលមានសាលាអំភើ (ស្រុក) សាលាខ្វែង (តុលាការ) និង ប្រៃសនីយ៍ទូរលេខ។ នៅមុខវត្តសង្កែ ត្រើយខាងលិច មានផ្ទះបណ្តែតទឹកដែលគេហៅថា “ផែ” ជាទីសំរាប់ស្ត្រីក្នុងកំផែង មកចុះងូតទឹករាល់ពេលល្ងាច។
សូមបញ្ជាក់ នៅមុខកំផែង ត្រង់ក្លោងទ្វារពីរទាំងសងខាងលិចស្ទឹង ទាំងកើតស្ទឹង អ្នកស្រុកមិនហ៊ានសង់ផ្ទះទេ ពីព្រោះវាចំមុខកាំភ្លើងធំដែលតាំងនៅក្នុងកំផែង។
សង្កាត់មុខកំផែង ចប់ត្រឹមអូរមួយនៅចន្លោះកំផែង និង វត្តដំរីស (សព្វថ្ងៃសួនច្បារភ្លោះ នៅនាគបាញ់ទឹក)  ដែលហូរពីវាស្រែទៅស្ទឹងសង្កែ ហៅថា “អូរតាគាំ” ។ តាគាំជាឈ្មោះចៅហ្វាយស្រុកស្រែអន្ទាក់។ គាត់បានយកដំរីមកបញ្ជាន់ដីអោយទឹកហូរ កុំអោយលិចលង់ស្រែរបស់គាត់។
  • សង្កាត់ផ្សារស្វាយប៉ោ

យើងឆ្លងស្ពានឈើមួយ កាត់អូរតាគាំ តាមផ្លូវលេខ១ នៃទីក្រុង។ ចាប់ពីទីនេះទៅ ផ្ទះច្រើនតែសង់ខាងកើតថ្នល់តាមលក្ខណៈដដែល គឺ ដាក់ផ្ទះបាយទៅក្នុងស្ទឹង ដែលជាទំលាប់មួយខុសក្បួនអនាម័យ។ ផ្ទះមានច្រើនណាស់ តែយើងអាចសង្កេតឃើញនៅខាងមុខវត្ដដំរីស ខាងលិចថ្នល់ផ្ទះលោកភក្តីពាណិ្ជយ៉ាង ។ នៅខាងកើតមានផ្ទះចឹកជុយ ដែលជាធនាគារិក របស់លោកម្ចាស់ ជាអ្នកបោះប្រាក់ ប៉ែ សំរាប់ចាយនៅបាត់ដំបង។ ហួសពីនេះបន្តិចទៅត្រង់ផ្នែកសាធារណការ (សព្វថ្ងៃបុរី ស្ទឹងសង្កែ) មានផ្ទះលោកអតីតព្រះឃ្លាំងប៉ុក ដែលជាចៅហ្វាយស្រុកមង្គលបុរី។ នៅក្បែរស្ពានដែក ខាងកើតថ្នល់មុខរោងកុនសង្កែ មានគ្រឹះស្ថានពាណិជ្ជកម្មសំខាន់មួយដែលអ្នកស្រុកហៅថា ហាងរូសិល។ កាលដើម រូសិល លក់តែគ្រឿងកំប៉ិកកំប៉ុកទេ តែថ្ងៃក្រោយមក ក្លាយជា ហាងធំលក់តាំងពីសពត់អាវ​ ចានក្បាន រហូតដល់កាំភ្លើង គ្រាប់រំសេវ។ រូសិលនេះជាជនជាតិអាឡឺម៉ង់ មានកូនឈ្មោះ សៀសង់ ដែលអ្នកស្រុកនិយមហៅថា ស៊ីសងៗ ។ មកដល់ត្រង់ហាង LG សព្វថ្ងៃ មានអ្នកតាចិនមួយនៅមាត់ស្ទឹង ហើយមានផ្លូវមួយមកពីវាលស្រែ( ផ្លវបត់ទៅសាលាចិន) សំរាប់អ្នកស្រុកនាំក្របីមកផឹកទឹក។ គេហៅកន្លែងនោះថា “កំពង់ក្របី”។ នៅកំពង់ក្របី ខាងក្រោយបន្តិច មានបនស្រីពេស្យាមួយកន្លែង។

ហួសពីកំពង់ក្របីទៅ មានតៀមចិនលក់ទំនិញ តៗរហូតដល់ទីផ្សារណាត់សព្វថ្ងៃ ដែលកាលនោះ វាគ្រាន់តែជាវាលស្រលះសំរាប់អ្នកស្រុក លក់ផលិតផលរបស់ខ្លួន។ នៅក្បែរនោះនៅក្រោមម្លប់ស្វាយមួយ យ៉ាងធំមានរោងប៉ោ ដែលជាល្បែងស៊ីសងម្យ៉ាង ទើបមានពាក្យថា “ស្វាយប៉ោ” រហូតដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា នៅសម័យលោកម្ចាស់ គេអាចជក់អាភៀន ឬ លេងល្បែងស៊ីសងបានតាមចិត្ត នៅតាមរោងល្បែង ដែលមានបងភាស៊ីជូនលោកម្ចាស់។
បើយើងដើរហួសផ្សារណាត់ទៅខាងជើងទៀត ចំនួនផ្ទះថតចុះបន្តិចម្តងៗ ។ នៅមុខវត្តពិភិទ្ធ គេឃើញផ្ទះខាហ្លួងសៀម (សព្វថ្ងៃ ផ្នែកមួយនៃ បុរីមហាទេព)។ នៅត្រង់ទីប្រសព្វមុខព្រែកមហាទេព និងស្ទឹងសង្កែ មានទីសំចតកប៉ាល់ដែលមកពីបាក់ព្រា (សព្វថ្ងៃកន្លែងម្តុំមណ្ឌលសុខភាពស្វាយប៉ោ) ។ យើងឆ្លងព្រែកមហាទេព តាមស្ពានតូចមួយដែលរទេះគោមិនអាចបរកាត់បានទេ។ នៅខាងជើងព្រែកមហាទេព( សួនមហាទេព) មានស្ថានកុងស៊ុលបារាំងដែលគេសំគាល់បានពីចំងាយ ដោយសារដងកើយ៉ាងខ្ពស់ បង្ហូតទង់ជាតិបារាំងពណ៌ ខៀវ ស ក្រហម (សព្វថ្ងៃ មន្ទីរពេទ្យបង្អែកខេត្ត) ហួសពីស្ថានកុងស៊ុលបារាំងនេះទៅ គឺភូមិស្រុកធម្មតា។ នៅខាងកើតស្ទឹងក៏ជាភូមិអ្នកស្រុក មិនមានទីប្រជុំជនធំដុំទេ។