វណ្ណៈធំៗ នាបាត់ដំបង សម័យលោកម្ចាស់

នៅសម័យលោកម្ចាស់ ប្រជាជនចែកជាវណ្ណៈច្រើន តែមិនច្រើនដល់នៅប្រទេសឥណ្ឌា ឬ ប្រទេសដទៃខ្លះនោះទេ។ ការដែលចំលែកចំពោះយុវជនជាន់ក្រោយ គឺទាសភាព ដែលបារាំងបានបង្ខំអោយលោកម្ចាស់ បំបាត់ចោល តែមិនបានសំរេច។ នៅសម័យនោះ ប្រជាជនចែកជា៣ វណ្ណៈ

  • វណ្ណៈអភិជន់

គឺជាវណ្ណៈខ្ពង់ខ្ពស់ មានវង្សត្រកូលលោកម្ចាស់នេះជាអាទិហើយវង្សត្រកូលពួកមន្ត្រីធំៗតមក ដូចជាព្រះឃ្លាំង លោកមន្ត្រីនាយកជាដើម។ ពួកអភិជន មានដីស្រែតាមដងស្ទឹង សឹងតែទាំងអស់ ជាកម្មសិទ្ធិរបស់គេ។ ពួកអភិជន មិនមែនជាត្រកូលក្សត្រទេ មិនប្រើរាជសព្ទទេ តែមានភាសាខ្ពស់ សំរាប់អ្នកតូចតាចនិយាយជាមួយគេ។ នៅផ្ទះមានបាវបំរើស្តាំ ឆ្វេង ហើយមានពិធីការផ្សេងៗ បង្ខំដាក់សុជីវធម៌ពិសេសលើរាស្ត្រតូចតាច។ អ្នកណាដើរកាត់មុខផ្ទះ អភិជន ដោយមិនយក្រមាក្រវ៉ាត់ចង្កេះ ឬ ដើរហួចច្រៀងគេចាត់ទុកថា ព្រហើន ហើយយកគេអ្នកនោះទៅវាយប្រដៅ ឬ ជួនកាលមានយកទៅសំលាប់ចោលបើរឹងទទឹង ។ ផ្ទូយទៅវិញ កូនពួកអភិជនអាចព្រហើនកោងកាចដាក់រាស្ត្រប្រជាវិញបាន។

ពួកអភិជនច្រើនតែមានគោរម្យងារសំរាប់ហៅ គេមិនសូវហៅចំឈ្មោះទេ។ គេមានលំដាប់សក្តិទៀតផង ដូចជា ចៅផ្រះយ៉ា ផ្រះយ៉ា ផ្រះឬព្រះ ហ្លួង ឃុន ម៉ឺន។ លំដាប់សក្តិនោះ មានគោរម្យងារពីក្រោយ ដូចជា ចៅផ្រះយ៉ាកថាថនព្រះយ៉ាអភ័យ ផ្រះយ៉ាព្រះឃ្លាំង ផ្រះយ៉ានោមេត្រី ហ្លួងកំភោត ហ្លួងរឹទ្ធីពលសែន ព្រះភិនិត្យសម្បត្តិ ឃុនពិនិត្យអក្សរ ឃុនសារក្តីកិច្ច ។ល។

តែយើងពិបាកដឹងលំដាប់សក្តិណាស់ ព្រោះអ្នកស្រុកច្រើនហៅតែងារ ដូចជាលោកព្រះឃ្លាំង លោកស្រីពិភត្តិ លោកស្នេហាប្រេទេស លោកស្រីអញ្ជឹត ។ល។

វណ្ណៈអភិជននេះជាវណ្ណៈតពូជពង្ស ខ្លះជាឋានៈបានដោយ សារសម្ថភាព ខ្លះជាឋានៈបានដោយការផ្គាប់ផ្គុន សូកប៉ាន់។ អ្នកមានឋានៈជាចៅផ្រះយ៉ាមានតែម្នាក់ទេ គឺ លោកម្ចាស់។ វណ្ណៈ លោកម្ចាស់នេះ ជាវណ្ណៈតពូជតពង្ស។ គេត្រូវហៅកូនលោកម្ចាស់ថា ឃុន ដូចជា ឃុនឈឿម ឃុនហ៊ីង ឃុនឃួង។ តែបើមានសមត្ថភាពនៅពេលពេញវ័យគេអាចតំឡើង សក្តិពីឃុន ទៅហ្លួង ទៅជាផ្រះយ៉ាបានដូចជា ឃុនលឿម ឡើងទៅជាព្រះយ៉ាអភ័យ      ឃុនឃួង ឡើងទៅជាហ្លួងកោតិទ។ល។ ចៅលោកម្ចាស់គេច្រើនហៅថា នាយ ដូចជា នាយជា។

  • វណ្ណៈរាស្ត្រសាមញ្ញ

គឺជាវណ្ណៈ ប្រជារាស្ត្រធម្មតា ប្រកបរបរកសិកម្ម សិប្បកម្ម នេសាទ ពាណិជ្ជកម្ម ។ គឺជាវណ្ណៈ ដែលគេហៅថា អ្នកជា (មិនមែនខ្ញុំគេ) ។ វណ្ណៈរាស្ត្រសាមញ្ញត្រូវបង់ពន្ធដារជូនលោកម្ចាស់ ហើយលោកម្ចាស់អាចកេណ្ឌអោយធ្វើការផ្សេងៗដូចជានៅពេលមានបុណ្យទាន ឬ ទៅបាញ់សត្វជាដើម។

  • វណ្ណទាសករ

គឺជាវណ្ណៈខ្ញុំកញ្ជេះគេ ។ ឈ្លើយសង្គ្រាមអ្នកមានទោស អ្នកជំពាក់ប្រាក់គេ ត្រូវធ្លាក់ខ្លួនជាខ្ញុំកញ្ជេះគេ ធ្វើការអោយគេដោយឥតយកកំរៃ ដោយគ្រាន់តែបានបាយមួយចំអែត និង ខោអាវមួយចង្កេះ ។ ទាសករប្រភេទខ្លះ អាចរំដោះខ្លួន បានដោយសារការយកលុយទៅលោះទេ។ យើងជំពាក់ប្រាក់គេ ១០០បាត យើងត្រូវធ្វើខ្ញុំកញ្ជះគេរហូតដល់ថ្ងៃយើងយកប្រាប់មកលោះវិញ។ ទាសករដែលគេហៅថា ខ្ញុំ នោះមានច្រើនសណ្ឋានដូចជា  ខ្ញរបិប ឬ ខ្ញុំ ក្នុង ត្រូវរស់នៅបំរើគេរហូតខួបប្រាំងខួបវស្សា។ បើមានកូនកើត នោះកូនត្រូវធ្លាក់ខ្លួន ជាខ្ញុំគេទៀត គេហៅថាកូនក្រោល ។ ខ្ញុំក្រៅ អាចនៅផ្ទះសំបែងបានក្រោយដែលធ្វើស្រែរួចហើយៗ អាចរកលុយកាក់មកលោះខ្លួនបាន។ បើនិយាយពីទាសភាពនេះ យើងឃើញថា ក្រៅពីអភិជន សឹងតែគ្មានអ្នកណារួចខ្លួនជាអ្នកជាពិតប្រាកដទេ។ រាស្ត្រសាមញ្ញត្រូវមានកំណែនដោយឥតកំរែ ទៅបរបាញ់សត្វ ជួយផ្តល់សម្ភារៈ និង ភស្តុភារផ្សេងៗជូនលោកម្ចាស់ ឬ អភិជនណាដែលខ្លួនស្ម័គ្រ។ ដូចនេះ រាស្ត្រសាមញ្ញ ក៏មានជំពាក់បំណុលនឹងអភិជនដែរ។ គ្រប់គ្នា ត្រូវរើសលោកធំណាម្នាក់ធ្វើជាចៅហ្វាយ ហើយបំរើគេ គ្រប់ពេលដែលគេមានធុរៈ ។ គេហៅថា បាវកំលាំង ។

រូបិយវត្ថុ សម័យលោកម្ចាស់

អ្នកបាត់ដំបងជំនាន់មុនប្រហែលជាធ្លាប់លឺមកហើយនៅឃ្លាប្រយោគលេងសើចមួយ ដែលគេតែងចំណាំនិយាយលេងនឹងគ្នា នៅពេលនរណាម្នាក់គ្មានប្រាក់ចាយ គេតែងតែនិយាយចំអន់ ថា “បើចង់បានលុយ ទៅយកពីចឹកជុយទៅ!” ។

  • តើចឹកជុយជាអ្នកណា?
  • ហេតុអ្វីបានជាគេចូលចិត្តនិយាយអ៊ីចឹង?

ដើម្បីដឹងមូលហេតុនៃឃ្លាទាំងនេះ យើងសូមជូននូវប្រវត្តិខ្លះ នៃដើមកំណើតនិយាយឃ្លោងឃ្លានេះ ដូចខាងក្រោម:

 

ចឹកជុយ គឺជាអ្នកផលិតប្រាក់ប៉ែ នៅសម័យលោកម្ចាស់ បន្ទាប់ពីលោក  រត្តសារ  ។  នៅដំណាច់សតវត្សទី១៩នេះ រូបិយវត្ថុ មាននាទីកាន់តែទូលំទូលាយឡើងនៅបាត់ដំបង។ គេចាយលុយដែលជាប្រាក់ សុទ្ធ បោះនៅប្រទេសសៀម ឬ មកពីប្រទេសកម្ពុជា។ ខេត្តបាត់ដំបងក៏មានបោះពុម្ពប្រាក់ចាយខ្លួនឯងផងដែរ។  ចឹកជុយ មានបច្ចេកទេសម្យ៉ាងសំរាប់ធ្វើប្រាក់ប៉ែ។ គាត់យកសំណប៉ាហាំង តាមទំងន់ត្រូវការ លាយបរិមាណខ្លះ ដាក់ក្នុងឆ្នាំងដីម្យ៉ាង ហៅថា បាវ  រួចដាំលើភ្លើងអោយរលាយចូលគ្នា។

 

គាត់រៀបផើងមួយ ដាក់ទឹកពាក់កណ្តាល ហើយមានបណ្តែត ដើមចេកមួយកំណាត់ក្នុងនោះ។ គាត់ចាក់ទឹកសំណប៉ាហាំង ដែលក្តៅរលាយ ទៅលើដើមចេក។ សំណក៏ខ្ទាតជាកំទិចល្អិតទៅក្នុងទឹក។ គាត់ស្រង់កំទេចសំណប៉ាហាំង នោះសំដិល អោយស្ងួត។

 

គាត់យកពុម្ពដី ប៉ុនដុំឥដ្ឋ មានរន្ធតូចៗ ប៉ុនកូនដៃច្រើនរួចគាត់ថ្លឹងកំទេចសំណប៉ាហាំងនោះ ចាក់ចូលក្នុងរន្ធនៃពុម្ព។ រួចស្រេចហើយគាត់យកពុម្ពនេះទៅដុតម្តងទៀត។ គាត់ដកយកពុម្ពដាក់អោយត្រជាក់ ដកយកសំណប៉ាហាំងដែលកកជាដុំ មានទំងន់ស្មើរៗគ្នា យកទៅច្របាច់ដោយពុម្ពម្យ៉ាង អោយកើតជារាង ប្រាក់កាក់ មានរូបគ្រុឌម្ខាង និង មានអក្សរខ្មែរ ថា ព្រះតំបង ម្ខាង។

ប្រាក់ប៉ែ សម័យលោកម្ចាស់

ពេលបោះរួច ចឹកជុយតែងតែយកប្រាក់ប៉ែ ទៅហាលនៅកន្ទេលមុខផ្ទះរបស់គាត់ ដូចគេហាលស្រូវអ៊ីចឹង។  ផ្ទះបោះប្រាក់នោះ គឺនៅខាងកើតវត្តដំរីស រ៉បតាមមាត់ស្ទឹង ដែលបច្ចុប្បន្នគឺ ជាសារមន្ទីខេត្ត។

ហេតុដូចនេះហើយទើបមានពាក្យចំអន់អ្នកណាដែលគ្មានប្រាក់ចាយ ថាអោយទៅយកពី ចឹកជុយ

រឿងរបស់លោកតាដំបងក្រញូង ជារឿងរបស់ខ្មែរ ឬ របស់មន ?

សម្រាប់និមិត្តរូប​របស់​ខេត្ត​បាត់ដំបង មានមនុស្ស​ភាគច្រើន​គឺស្គាល់​ថា​ជារូប​តា​ដំបងក្រញូង ដែល​ប្រវត្តិ​របស់​គាត់ មាន​ជាប់ទាក់ទង​ទៅ​នឹង​ពង្សាវតារ​បែប​ព្រេងនិទាន​របស់​ខ្មែរ ។ រឿង​នោះដំណាលអំពី​មាណព​ម្នាក់ដែល​រកស៊ីកាប់អុសកាប់ឈើ​នៅក្នុងព្រៃ ជាមួយ​អ្នកភូមិផង​ជាមួយ​គ្នា តែ​ដោយ​គាត់មាន​កំលាំងកំហែង​ខ្សោយជាង​អ្នកដទៃ គេក៏ទុក​ឲ្យ​គាត់​នៅ​ដាំបាយ​សម្រាប់​អ្នកផ្សេងទៀតហូប ។ ថ្ងៃមួយ​ពេល​កំពុង​ដាំបាយ គាត់បាន​រើស​មែកឈើ​មួយ​យកមកកូរ​បាយ ធ្វើ​ឲ្យ​បាយ​ទៅ​ជា​ខ្មៅ ដោយ​ខ្លាច​ត្រូវ​មាត់​អ្នក​ដទៃ គាត់ក៏ប្រឹង​ហូបបាយ​នោះ​រហូត​ដល់អស់ ក្រោយ​ពីហូប​បាយនោះអស់ គាត់​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​មាន​កម្លាំង​មហិមា អាចលើក​ដើមឈើ​ធំមួយ​តែម្នាក់ឯង​បាន ។ ក្រោយ​ពី​ឃើញ​ថា​ខ្លួនឯង​ខ្លាំងក្លា និង​អង់អាច​បែបនេះ មាណពនោះក៏គិតចង់ដណ្តើម​អំណាច​ស្តេចផែនដី​ ដោយ ​បាន​ជ្រែក​រាជ្យ​ស្តេច​អង្គមុន នឹង​យក​ខ្សែស្រលាយ​រាជវង្ស​អង្គមុន យក​ទៅ​សម្លាប់ សូម្បី​តែ​ស្ត្រីពោះធំ​ក៏​យក​ទៅ​ដុត រហូត​ធ្វើ​ឲ្យ​ស្ត្រី​ពោះធំ​រាងចាស់ខែម្នាក់ ដែល​ជា​មហេសី​ស្តេចអង្គមុន បានបន្សល់ទុក​កូនប្រុសមួយ​នៅ​កណ្តាល​ភ្នក់ភ្លើង ហើយ​ក្មេង​នោះ​ត្រូវ​ភ្លើង​រោល​រហូតពិការ ពេល​ធំ​ឡើង​គេហៅ​គាត់ថា​ព្រហ្មកិល ។ ស្តេចដំបងក្រញូង បាន​ឲ្យហោរាទស្សន៍ទាស​ ហើយ​ដឹង​ថា​ខ្លួន​នឹង​ត្រូវកំចាត់ដោយ​ទេវបុត្រ​ជិះសេះស. ដែល​ជា​ព្រហ្មកិល ហើយ​នៅពេល​ព្រហ្មកិល​ជិះសេះស.រំលង​លើ​វាំង​របស់ស្តេច​ដំបងក្រញូង ស្តេចដំបងក្រញូង​ក៏ចោលដំបង​នោះ​ទៅលើ​ ហើយ​ដំបង​នោះ​ក៏ធ្លាក់​បាត់​នៅ​ទឹកដី​ខេត្ត​បាត់ដំបង​សព្វថ្ងៃ ទើប​បាន​ជាមាន​ឈ្មោះ​ថា​បាត់ដំបង​ដូច្នេះ ។

(លោកអ្នកអាចអានរឿងបន្ថែមនៅតំណភ្ជាប់នេះបាន)

នៅសាធារណរដ្ឋប្រជាមានិតឡាវ មាន​ខេត្ត​មួយ​ឈ្មោះថាខេត្ត​ខាំមួន នៅ​ទីនោះ​មាន​ប្រវត្តិ​ទាក់ទង​នឹង​ស្តេច​មួយ​អង្គ​មាន​ព្រះនាម​ថា​ស្រីគោត្របង ដែល​មកដល់សព្វថ្ងៃ ក៏​នៅ​មាន​ចេតិយ និង​មាន​ការសាងសង់ជារូប​តំណាង​នៅ​ទីនោះផងដែរ ។ ប្រវត្តិ​រឿងព្រេងឡាវ​ទាក់ទង​ទៅនឹង​ស្រីគោត្របង គឺ​មាន​រឿង​ដំណាល​ប្រហាក់ប្រហែល​ទៅនឹង​រឿង​របស់​ដំបងក្រញូង​របស់​ខ្មែរដែរ គឺ​មានមាណពម្នាក់ មាន​សុខភាព​ខ្សោយ ពេល​ចូលទៅ​កាប់អុស គេក៏ទូកឲ្យ​នៅដាំបាយ ហើយ​គាត់ក៏បានរើស​មែកឈើ​មួយ​យកមក​កូរ​បាយ ធ្វើ​ឲ្យ​បាយ​ឡើង​ខ្មៅ ហើយ​គាត់ក៏​ហូប​បាយ​នោះតែ​ម្នាក់ឯង ជាហេតុ​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំងខ្លាំងក្លា រហូត​អាច​ឡើង​ដឹកនាំតំបន់​មួយ នៃ​ខេត្ត​ខាំមួន​បច្ចុប្បន្ន ។ ស្រីគោត្របង បាន​រៀបអភិសេក​នឹង​បុត្រី​របស់​ស្តេច​នៅនគរនោះ តែស្តេចនោះតែងតែ​ខ្លាច​ស្រីគោត្របង​ជ្រែករាជ្យ​របស់​ខ្លួន ទើប​ធ្វើឲ្យ​​ស្តេច​នៃ​នគរ​នោះ​បាន​ប្រើល្បិច​ហៅ​ស្រីគោត្របងទៅ​ចូលរួមពិធី​មួយ​នៅក្នុង​វាំង​របស់​ខ្លួន ហើយ​បាន​រៀបចំគន្លឹះ​ជា​លំពែងដែក​នៅក្នុង​បង្គន់ ពេល​ស្រីគោត្របង ចូល​ទៅប្រើបង្គន់ ក៏ត្រូវ​លំពែង​ដែក​នោះ​ចាក់ពីគូទ រហូត​ដល់​ក្បាល​ស្លាប់​មួយ​រំពេច ។ សាកសព​របស់​ស្រគោត្របង ត្រូវ​បាន​គេ​អូសទម្លាក់​បណ្តែត​ចោល​តាមទឹក​ទន្លេ​មេគង្គ នៅពេលហូរ​មកដល់​ខេត្ត​ខាំមួន ប្រជាជន​នៅទីនោះ​ស្គាល់​ថា​ជា​អ្នកគ្រប់គ្រង​របស់​ខ្លួន ក៏​នាំ​គ្នា​ស្រង់សាកសព​ចេញ​ពីទឹក និង​សាង​ជា​ចេតិយ​ធំមួយ​តម្កល់​សាកសព​របស់គាត់​រហូត​មក ។

មាន​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត បាននិយាយ​ថា ស្រីគោត្របង គឺជា​រាជាណាចក្រ​ព្រះពុទ្ធសាសនា​មួយ​របស់​មន ដែលមាន​អាណាបរិវេណ​នៅ​តំបន់​ភូមិភាគ​ឥសាន​របស់​ថៃ គឺ​នៅ​ខាងលើបន្តិច​នៃ​ខេត្តសុរិន្ទ ស្រីស្លកែត និង​បុរីរម្យ​ និង​នៅ​ភូមិភាគកណ្តាល​របស់​ឡាវ ហើយ​រាជាណាចក្រ​របស់​មននោះ គឺ​មាន​ភាព​រុងរោចន៍​នៅ​សតវត្ស​ទី ៥ និង ទី ៦ នៃ​គ្រឹស្តសករាជ ដោយ​មូលដ្ឋាន​សំខាន់​នៃ​រាជាណាចក្រ គឺ​ស្ថិត​នៅ​ខេត្ត​នគរភ្នំ ខាង​ឆ្វេង​ទន្លេ​មេគង្គ នៅក្នុងប្រទេសថៃ​សព្វថ្ងៃ និង​ស្ថិត​នៅខេត្ត​ខាំមួន ខាងស្តាំ​ទន្លេ​មេគង្គ នៅក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ ។ សិល្បៈ វប្បធម៌​របស់​មនមួយ​ចំនួន​នៅក្នុងតំបន់នោះ គឺ​មាន​អាយុកាល​មុន​ ឥទ្ធិពល​នៃ​សិល្បៈ និង​វប្បធម៌​របស់​ខ្មែរ​នៅ​តំបន់នោះ​ទៅទៀត ដែល​នេះ​បង្ហាញ​អំពី​ការកាន់កាប់​ទឹកដីនេះ​ពីដំបូង​ដោយ​មន ក្រោយ​មក​ដោយ​ខ្មែរ និង​បន្ត​ដោយ​ឡាវ និង​ថៃ ។

ងាកមក​មើល​ខេត្ត​បាត់ដំបង​វិញ នៅសម័យ​ថៃ​គ្រប់គ្រង​ខេត្ត​នេះ ដោយ​ឲ្យ​ខ្សែស្រលាយ​របស់​ស្តេចត្រាញ់​ខ្មែរ​គ្រប់គ្រង គឺ​ឧកញ៉ាចៅហ្វាប៉ែន គ្រប់គ្រង​តាំងពី​ចុង​សតវត្ស​ទី ១៨ រហូត​ដល់​ដើម​សតវត្សទី ២០ ។ នៅពេលនោះ​ថៃ​ហៅ​ខេត្ត​បាត់ដំបងថា ព្រះត្របង គឺ​មាន​ឈ្មោះ​ស្រដៀង​គ្នា​នឹង​ ស្រីគោត្របង ដែរ ប្រហែល​ពាក្យ​ថា​ ត្របង នេះ គឺ​ជាពាក្យ​មន មាន​ន័យ​ថា​ដំបង​ហើយ​មើលទៅ ព្រោះ​ថា​ពាក្យមាន​ព្យាង្គ​តម្រួត​ជើង «រ» ភាគច្រើន មិនមែន​ជា​ភាសា​ថៃ ឬ​ឡាវ នោះទេ ។​ គោរមងារ​របស់​ស្តេចត្រាញ់​គ្រប់គ្រង​តំបន់​នោះ​ពីបុរាណ មាន​ងារ​ថា គទាធរ ឬ​បញ្ចេញ​សម្លេង​ជា​ភាសាថៃ​ថា កថាថន ដូចមាន​ពាក្យ​ហៅ​លោក​ម្ចាស់​បច្ចឹម ដែល​ធ្លាប់​គ្រប់គ្រង​បាត់ដំបងថា កថាថន​ឈុំ (ជុម) ។ ពាក្យ​ថា​ គទាធរ នេះ ជាភាសា​សំស្ក្រឹត មានន័យ​ថា អ្នកកាន់ដំបង ឬ​ក៏​អ្នក​ដែល​ប្រើ​ដំបង​ជា​អាវុធ ហើយ​ គទាធរ​ នេះ គឺ​ជា​ឈ្មោះ​មួយ​របស់​តួអង្គ ភីមៈ ជាត្រកូល​បណ្ឌវៈ នៅ​ក្នុង​រឿង​មហាភារតៈយុទ្ធ ដោយសារតែ​ភីមៈ ជា​អ្នក​ជំនាញ​ខាង​ប្រើ​ដំបង ។ ខ្ញុំ​មិនដឹង​ថា​គោរម​ងារ​ គទាធរ នេះ មាន​មក​តាំងពីពេល​ណានោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ការដាក់​គោរមងារ​ឲ្យ​អ្នក​គ្រប់​គ្រង​ខេត្ត​ខណ្ឌ​ពីបុរាណ តាម​ឈ្មោះ​នៃ​មេទ័ព ឬ​ក៏តួអង្គសំខាន់​នៅក្នុង​រឿង​មហាភារតៈ គឺ​មាន​នៅក្នុង​សង្គម​ខ្មែរ​រហូត​ដល់​ដើម​សម័យ​អណានិគម​បារាំង ជាក់​ស្តែង​គឺ​ឈ្មោះ​ឧកញ៉ា អរជូន ឬ​អរជុន នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​ងារនេះ​យើងឃើញ​ថា​មាន​នៅក្នុង​រឿងទុំទាវ តាំងតែ​ពី​សម័យ​លង្វែក ហើយ​អរជុន​នេះ ចាត់ទុក​ជាតួអង្គ​ដ៏សំខាន់បំផុត​មួយ​នៅក្នុង​រឿង​មហាភារតៈ ហើយ​នេះ​គ្រាន់តែ​ជាឧទាហរណ៍​មួយ​នៃ​ការប្រើ​ឈ្មោះ​តួអង្គ​នៅក្នុង​រឿង​មហាភារតៈ​យកមក​តាំងជា​គោរមងារ​នៅ​ក្នុង​ការគ្រប់គ្រង​ខេត្ត​ខណ្ឌ​របស់​ខ្មែរ​តាំងអំពី​បុរាណកាល​មក ។

ទោះជាយ៉ាងណា ក៏ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ប្រាកដប្រជា​ថា​រឿង​តាដំបង​ក្រញូង គឺ​ជា​រឿង​ដែលកើតឡើង​នៅក្នុង​ប្រវត្តសាស្ត្រ​ខ្មែរ ឬ​ក៏​ប្រវត្តិសាស្ត្រ​របស់មននោះដែរ វា​បាន​ក្លាយ​ទៅ​ជារឿងនិទាន​រួម​គ្នា​នៃ​ជាតិសាសន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​រួចទៅហើយ គឺ​មិនខុសគ្នា​អំពី​រឿង​ធនញ្ជ័យ​នោះទេ ។

អត្ថបទ : សុវណ្ណរដ្ឋ

ប្រវត្តិលោកតាដំបងក្រញូង [ភាគបញ្ចប់]

កាលបើបានឃើញអ្នកមានបុណ្យ ជិះសេះដល់ដូច ហោរាទស្សន៏ទាយ ប្រជាពលរដ្ឋដែលនាំគ្នាចាំមើល កកកុញក្នុងមហានគរ ស្រែកហ៊ោរកញ្ជៀវ ទ្រហឹងអឺងកងរត់ប្រពាក់ ប្រពូនតាមមើលព្រឹត្តការណ៏។ ចំណែកស្តេចដំបងគ្រញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរណាស់មកហើយ កាលបើបានឃើញជាក់ស្តែងនឹងភ្នែក កើតមានក្តីមួហ្មងក្តៅក្រហាយ ខឹងសម្បារជាខ្លាំង ចាប់ទាញដំបងគ្រញូង មកគប់ចោលតម្រង់ទៅពញាក្រែក ឬ ព្រហ្មកិល ដើម្បីប្រហារជីវិត ឱ្យក្សិណក្ស័យតែម្តង។ ប៉ុន្តែដំបងរបស់ស្តេចដំបងគ្រញូងបែរ ជាអស់រិទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយជាអូរ ដែលមានឈ្មោះថា អូរដំបង។ ហើយតំបន់នោះក៏មានឈ្មោះថា បាត់ដំបង។

ឃើញហេតុភេទដ៏អស្ចារ្យ ដូច្នោះ ប្រជានុរាស្ត្រខ្មែរគ្រប់រូប ព្រមទាំងសេនា នាហ្មឺនសព្វមុខ មន្ត្រីក៏នាំគ្នា ក្រាបថ្វាយបង្គំសំពះ ទទួល ព្រហ្មកិល។ ឯស្តេចដំបងគ្រញូងវិញ ដែលយល់ដឹងថា ខ្លួនអស់បុណ្យបារមី អស់សមត្ថភាព ក៏សុខចិត្តដាក់ខ្លួន ក្រាបថ្វាយបង្គំ ពញាក្រែក ឬ ព្រហ្មកិលសុំចំណុះចុះចាញ់ហើយ លើករាជ្យសម្បតិ្តប្រគល់ ថ្វាយក្នុងពេលជាមួយគ្នានោះទៅហោង។

អតីតស្តេចដំបងគ្រញូង បានសម្រេចចិត្តធ្វើដូចអ្វីដែលបានគិតទុកនោះមែន គឺធ្វើដំនើរគ្មានទិសដៅ ចាកចេញពីព្រះនគរក្នុង ខែភទ្របទ ឆ្នាំវក។ ដំបងគ្រញូងបានទៅដល់ស្រុកលាវ។ កាលនោះ នគរចម្ប៉ាសាក់ ត្រូវហ្វូងដំរីចេញមកយារយីរាតត្បាត ធ្វើអោយប្រជានុរាស្រ្ត រងទុក្ខវេទនា និង វិនាសហិនហោចអស់ជាច្រើន។ ស្តេចដំបងគ្រញូង បានចេញទៅជួយ យកអាសារស្តេចលាវ កំចាត់អស់ហ្វូងដំរី ។ ដូច្នេះហើយដើម្បីតបស្នងសងគុណផង ហើយជាពិសេស ដោយភ័យព្រួយបារម្ភ ខ្លាចកំលាំងអំនាច តេជៈបារមីផងទើបបានជាស្តេចស្រុកលាវ ព្រះស៊ីសុច្ចណាគុណហ៊ុត លើកកូនក្រមុំព្រះនាម សយបុបា្ផ អោយទៅដំបងគ្រញូង ទុកធ្វើជាភរិយា។

រូបសំណាកនេះនៅប្រទេសឡាវ តែមានសាច់រឿងស្រដៀង នឹង ប្រវត្តិលោកតាដំបងក្រញូងដែរ។ ដូច្នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ។ សាច់រឿងយ៉ាងណាយើងនឹងព្យាយាមស្វែងយល់បន្ថែម

តែស្តេចលាវនឹកគិតក្នុងខ្លួនម្នាក់ឯងថា ដំបងគ្រញូងនេះ ខ្លាំងពូកែណាស់ ហើយនឹងអាចក្បត់ដណ្តើមរាជ្យពីយើង ជាមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្តេច ដើម្បីកំចាត់អោយបានមុនជាដាច់ខាត ស្តេចលាវក៏អង្វរកូនស្រី អោយប្រើល្បិចកិច្ចកល ស៊ើបសួរប្តីថា តើធ្វើដូចម្តេចទើបគេអាច សម្លាប់បាន? ហើយបើចង់សម្លាប់វិញ តើគេប្រើមធ្យោបាយ ដូចម្តេចដែរ? ។ កាលណាបានដឹងគ្រប់សេចក្តី ហើយ នាងត្រូវមកប្រាប់បិតាវិញជាបន្ទាន់។

លុះទៅដោយការលួងលោមរបស់ប្រពន្ធ ដំបងគ្រញូ រៀបរាប់អស់នូវរឿងអាថ៌កំបាំង ដែលមានជាប់ទាក់ទង ទៅនឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុបា្ផ ក៏យកដំនឹងនោះទៅប្រាប់បិតា តាមដំនើររឿង។ បានដឹងដូច បំណងស្តេចលាវ មិនបង្អន់យូរឡើយក៏ចាត់ចែងរៀបចំអោយធ្វើ គ្រឿងយន្តដាក់ក្នុងបង្គន់សំរាប់សំលាប់ ដំបងក្រញូង។ ថ្ងៃមួយនៅពេលដែលដើរចូលទៅក្នុង បង្គន់ដំបងគ្រញូង ដើរទៅទាក់ជើងនឹងខ្សែជាហេតុធ្វើអោយគន្លឹះគ្រឿងយន្ត បាញ់ស្នចំចូលក្នុងរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនបានស្លាប់ភ្លាមនោះទេ ។ ពេលនោះដំបងគ្រញូងយល់ច្បាស់ណាស់ អំពីបុព្វហេតុដែល នាំបណ្តាលអោយអស់ជីវិត។ គាត់បានពោលថា មិនគួរណាយើងមកបរាជ័យចាញ់បោកគេ ដោយសារតែសម្ផស្សរបស់ស្ត្រីសោះ ហើយគាត់បានផ្តែផ្តាំទៀតថា៖

១- មិនត្រូវដេកលង់លក់ទេ នៅពេលណាដែលយើងត្រូវខ្យល់បោកបក់ បបោសអង្អែល។

២- កាលណាចូលដំនេក មិនត្រូវនិយាយរឿងអាថ៌កំបាំងប្រាប់ប្រពន្ធទេ។

៣- មិនត្រូវទុកចិត្តស្រីណា ដែលនៅក្រៅគ្រួសារឡើយ។

៤ – កាលណាឃ្លានគេត្រូវយកអង្ករមកលាង ដណ្តាំបាយអោយឆ្អិនសិន សិមបរិភោគក្រោយ។

ដោយមានរបួសជាទម្ងន់ ដំបងក្រញូងក៏ចាកចេញ ពីស្រុកលាវ ហើយត្រឡប់ទៅស្លាប់នៅឯស្រុកកំនើត របស់ខ្លួនវិញ គឺនៅស្រុកសួនមង្ឃុត នោះបើតាមពង្សាវតារ វត្តទឹកវិល។ ពង្សាវតារដដែល បានបញ្ជាក់បន្តទៀតថា ព្រះនាងសយបុបា្ផ ដែលពោរពេញទៅដោយវិប្បិដិសារី បានធ្វើដំនើរទៅតាមស្វាមី ហើយបំរើកំដរ ប្រណិប័តន៏ រហូតដល់ថ្ងៃស្លាប់។ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាម ទំនៀមទំលាប់ ប្រពៃណី ហើយបានយកអដ្ឋិធាតុទៅតម្កល់ទុកក្នុងចេតិយមួយក្នុងស្រុកចម្ប៉ាសាក់។

រូបសំណាកនេះនៅប្រទេសឡាវ តែមានសាច់រឿងស្រដៀង នឹង ប្រវត្តិលោកតាដំបងក្រញូងដែរ។ ដូច្នេះគ្រាន់តែជារូបតំណាងតែប៉ុណ្ណោះ។ សាច់រឿងយ៉ាងណាយើងនឹងព្យាយាមស្វែងយល់បន្ថែម

រីឯ ពញាក្រែក ឬ ព្រហ្មកិល វិញ ព្រះអង្គបានទទួលរាជាភិសេក នៅថ្ងៃ ១កើត ខែ មិគសិរ ឆ្នាំ វក ព.ស ១៥៥២ គ.ស ១០០៨។ ព្រះអង្គបានទទួលព្រះបរមនាមថា ព្រះបាទសម្តេចសន្ធពអម្រែក ព្រះបរមព្រហ្មកិលអង្គម្ចាស់។ (នេះបើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នព្វរតន៏) ។ តែបើតាមពង្សាវតារ វត្តកោកកាក ថា ពញាក្រែក ឬ ព្រហ្មកិល ព្រះអង្គមានព្រះបរមនាមថា ព្រះបាទសន្ធពអម្រិន្ទ៕

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មទេសនា របស់ ភិក្ខុ សុខ សុភាព ចៅអធិការវត្ត លៀប និង ជាព្រះធម្មធរអនុកណ ស្រុកបាត់ដំបង ខេត្តបាត់ដំបង

 

អានផងដែរ រឿងរ៉ាវមួយ ដែលស្រដៀងនឹងរឿង លោកតាដំបងក្រញូង នៅទីនេះ

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី៣]

ពង្សាវតារសម្តេចវាំងជួន បានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី ១៦ បានសុគតនៅក្នុងឆ្នាំជូតក្នុងព្រះជន្ម៤៩វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ។ ពង្សាវតារវត្តទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូងកាលបើបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះបាទចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះនៅភ្នំក្រោម។

ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវនឹង គ.ស ១០០១ ដំបងគ្រញូងកូនរាស្រ្ត សាមញ្ញដែលមានពង្សចេញពីស្រទាប់ប្រជាជនកសិករបានទទួល អភិសេកឡើងសោយរាជ្យ សម្បត្តិគ្រប់គ្រងប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយជាស្តេចទី ១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្តមអមរទេវរាជ។

គ្រាន់តែបានទទួលជ័យជំនះឡើង កាន់អំនាច និង សោយរាជ្យភ្លាម ស្តេចដំបងគ្រញូងមិនបង្អប់ទុក ងោយរាជវង្សានុវង្ស ព្រះមហាក្សត្រមុនបានសុខឡើង។ ព្រះអង្គចេញបញ្ជាទៅគ្រប់ មន្ត្រីពលសេនាទៅតាមភូមិស្រុក តំបន់នានាក្នុងព្រះរាជាអាណាចក្រអោយដើរស្រាវជ្រាវ ឆែកឆេររក ចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល ដោយដុតក្នុងភ្លើងទាំងរស់។

ថ្លែងពីព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែមានអាយុ១៣វស្សាភ័យភិតឥតឧបមាហើយ បានគេចលួចរត់រួចផុតពីកណ្តាប់ដៃពួកស្តេចដំបងគ្រញូង។ ព្រះអង្គបានទៅសាងផ្នួសជាងសង្ឃ ក្នុងព្រៃភ្នំក្រំថ្ម ចាប់តាំងពីថ្ងៃនោះមក។ គេបានដឹងថាព្រះអង្គមិនដែលទាក់ទង ឬ និមន្តចេញចូលកាត់តាមស្រុកភូមិអ្នកស្រុកឡើយ ហើយគេបានដឹងទៀតថា ព្រះអង្គបានរៀនចេះចាំគ្រប់សិល្ប៏សាស្ត្រ វេទមន្តវិជ្ជាការខ្លាំងពូកែអស្ចារ្យ។

ចំនែកឯព្រះរាជបុត្រទី២គឺ ព្រះសិរីកុមារ ដែលទើបតែមានព្រះជន្ម៥វស្សារួមជាមួយនឹងមេដោះ ខំរត់ពួនគេវេះវាងយករួចខ្លួន ដែរតែរត់មិនផុតត្រូវក្រុមសេនាដំបងគ្រញូង ចាប់បាន។ ព្រះសិរីកុមារត្រូវពលសេនាទាំងនោះចាប់គ្រវាត់បោះចូលទៅក្នុងភ្នក់ភ្លើងដើម្បីអោយ ស្លាប់។ នាកាលនោះពេលល្ងាចព្រលប់យប់បន្តិចហេតុតែសំណាងបុណ្យ បារមីមកជួយទាន់ស្រាប់តែ ពលទាហានមួយក្រុមមកដល់មើល ឃើញប្រទះនឹងភ្នែក ក៏កើតមានចិត្តសង្វេគអាណិតអាសូរ នាំគ្នាំអូសទាញអូសព្រះសិរីកុមារ ចេញពីភ្លើងយកមកលាក់ ទុកក្នុងគម្តោតផ្តៅក្រែក ហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគតទេ គ្រាន់តែត្រូវភ្លើងឆាបឆេះរលែះរលួយមានដំបៅ ស្លាកស្នាម ពាសពេញរាងកាយតែប៉ុណ្ណោះ។

បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្តកាត់មកតាមនោះ បានយល់ឃើញ ព្រះសិរីកុមារស្ថិតក្នុងសភាពដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃទាំងអស់អង្គ មានចិត្តមេត្តាករុណា សង្គ្រោះជួយរើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរបន្តិចមកដំបៅព្រះរាជកុមារក៏បានជាសះស្បើយ តែដៃជើងរបស់ព្រះអង្គ ត្រូវឡើងក្រញឹងក្រញង់រួញជាប់គ្នា រកដើរមិនកើត។ ដើម្បីនឹងធ្វើចលនាទៅមុខថយក្រោយ ទៅឆ្វេងទៅស្តាំងព្រះអង្គខំប្រឹងរំកិលដោយគូទ។ ហេតុដូច្នេះហើយបានជាអ្នកផងទាំងពួងដាក់ឈ្មោះអោយថា ព្រហ្មកិល។ អ្នកខ្លះទៀតនិយមហៅ ពញាក្រែក ព្រោះព្រះសង្ឃបានរើសយកចេញពីគម្តោតផ្តៅក្រែក។ ឥលូវយើងនឹងអធិប្បាយនិយាយអំពីស្តេចដំបងគ្រញូងក្សត្រខ្មែរទី ១៧វិញ ព្រះអង្គសោយរាជ្យបាន ៧ឆ្នាំ ៧ខខែហើយ។ ថ្ងៃមួយព្រះអង្គបានកោះហៅ ព្រះរាជហោរាមកទស្សន៏ទាយមើលជោគជតារាសីរបស់ព្រះអង្គ។ ព្រះអង្គចង់ដឹងថា តើមានអ្នកមានបុណ្យណាមួយអាចមក ដណ្តើមរាជ្យពីព្រះអង្គឬទេ? ហោរាវាយលេខអត្តៈ គន់គូរបូកសង គុណចែកចុះឡើង មើលទៅឃើញថាព្រះអង្គ ដំបងគ្រញូងសោយរាជ្យសម្បត្តិ ប្រទេសកម្ពុជាបានតែ ៧ឆ្នាំ ៧ខែ និង ៧ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ៧ថ្ងៃទៀត ព្រះអង្គនឹងត្រូវអស់បុណ្យ។ ពេលនោះមានអ្នកមានបុណ្យនឹង ចេញមកដណ្តើមយករាជ្យសម្បិត្តជាមិនខាន។

លឺសូរហោរាទស្សទ៏ទាយដូច្នេះ ស្តេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើងនឹងយកដំបងគ្រញូងរបស់យើង គប់វាអោយបែកខ្ទេចម៉ត់តែម្តង។ បើយើងវាយកម្ទេច យកជ័យជំនះមិនបានទេ នោះយើងនឹងសូមចុះចាញ់ហើយ យើងនឹងលើករាជបល្ល័ង្គថ្វាយភ្លាម ដើម្បីជៀសវាងកុំអោយកើយមានសង្គ្រាមកាប់សម្លាប់បង្ហូរឈាមគ្នា។ ដូច្នេះប្រទេសជាតិខ្មែរក៏មិនរងទុក្ខវេទនាព្រាត់ប្រាស់ មិនមានកម្មពៀរវេរាដោយសារតែ រូបយើងដែរ។ ឯរូបយើងសោត ក៏គ្មានជាប់ជំពាក់កម្មពារ នឹងបណ្តាជនខ្មែរ ហើយយើងក៏គ្មានអ្នកណាអាចដាក់កំហុស ផ្តន្ទាទោសជេរប្រទេសផ្តាសា តកូនតចៅរៀងរហូតទៅដែរ។

ដំណឹងទស្សទ៏ទាយបានលេចលឺជ្រួតជ្រាបទៅដល់ប្រជានុរាស្រ្តគ្រប់ទិសទី។ ថ្ងៃទី៧មកដល់កាលណា មនុស្សម្នាអ្នកស្រុកភូមិ ពីគ្រប់ដំបងជិតឆ្ងាយ នាំគ្នាមកមហានគរជួបជុំ កុះករ កកកុញទ្រហឹងអឺងកង រង់ចាំមើលអ្នកមានបុណ្យ។ ពញាក្រែក ឬ ព្រហ្មកិល ចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្តី អនុញ្ញាតិពីព្រះសង្ឃដើម្បីមើលអ្នកមានបុណ្យនឹងគេដែរ។ កាលនោះ (ព្រហ្មកិលមានអាយុ១៧ឆ្នាំ នេះបើតាមពង្សាវតារវត្តកោកកាក) នាយខំប្រឹងរំកិលចែវគាស់លើដីអូសគូទធ្វើដំនើរ យ៉ាងសែនត្រដាបត្រដួស តាមផ្លូវឆ្ពោះទៅកាន់មហានគរដោយមានជំនឿ និង សង្ឃឹមថា បើមានអ្នកមានបុណ្យចេញមកមែន អ្នកដែលមានជម្ងឺមានរោគា ព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិន មុខនឹងតែជាសះស្បើយ មើលឃើញ ដើររួច ដូចដើមជាមិនខាន។

សូមរង់ចាំអានបន្ត ប្រវត្តិលោកតាដំបងក្រញូង [ភាគទីបញ្ចប់]