សម្រាប់និមិត្តរូបរបស់ខេត្តបាត់ដំបង មានមនុស្សភាគច្រើនគឺស្គាល់ថាជារូបតាដំបងក្រញូង ដែលប្រវត្តិរបស់គាត់ មានជាប់ទាក់ទងទៅនឹងពង្សាវតារបែបព្រេងនិទានរបស់ខ្មែរ ។ រឿងនោះដំណាលអំពីមាណពម្នាក់ដែលរកស៊ីកាប់អុសកាប់ឈើនៅក្នុងព្រៃ ជាមួយអ្នកភូមិផងជាមួយគ្នា តែដោយគាត់មានកំលាំងកំហែងខ្សោយជាងអ្នកដទៃ គេក៏ទុកឲ្យគាត់នៅដាំបាយសម្រាប់អ្នកផ្សេងទៀតហូប ។ ថ្ងៃមួយពេលកំពុងដាំបាយ គាត់បានរើសមែកឈើមួយយកមកកូរបាយ ធ្វើឲ្យបាយទៅជាខ្មៅ ដោយខ្លាចត្រូវមាត់អ្នកដទៃ គាត់ក៏ប្រឹងហូបបាយនោះរហូតដល់អស់ ក្រោយពីហូបបាយនោះអស់ គាត់ក៏ក្លាយទៅជាមនុស្សមានកម្លាំងមហិមា អាចលើកដើមឈើធំមួយតែម្នាក់ឯងបាន ។ ក្រោយពីឃើញថាខ្លួនឯងខ្លាំងក្លា និងអង់អាចបែបនេះ មាណពនោះក៏គិតចង់ដណ្តើមអំណាចស្តេចផែនដី ដោយ បានជ្រែករាជ្យស្តេចអង្គមុន នឹងយកខ្សែស្រលាយរាជវង្សអង្គមុន យកទៅសម្លាប់ សូម្បីតែស្ត្រីពោះធំក៏យកទៅដុត រហូតធ្វើឲ្យស្ត្រីពោះធំរាងចាស់ខែម្នាក់ ដែលជាមហេសីស្តេចអង្គមុន បានបន្សល់ទុកកូនប្រុសមួយនៅកណ្តាលភ្នក់ភ្លើង ហើយក្មេងនោះត្រូវភ្លើងរោលរហូតពិការ ពេលធំឡើងគេហៅគាត់ថាព្រហ្មកិល ។ ស្តេចដំបងក្រញូង បានឲ្យហោរាទស្សន៍ទាស ហើយដឹងថាខ្លួននឹងត្រូវកំចាត់ដោយទេវបុត្រជិះសេះស. ដែលជាព្រហ្មកិល ហើយនៅពេលព្រហ្មកិលជិះសេះស.រំលងលើវាំងរបស់ស្តេចដំបងក្រញូង ស្តេចដំបងក្រញូងក៏ចោលដំបងនោះទៅលើ ហើយដំបងនោះក៏ធ្លាក់បាត់នៅទឹកដីខេត្តបាត់ដំបងសព្វថ្ងៃ ទើបបានជាមានឈ្មោះថាបាត់ដំបងដូច្នេះ ។
(លោកអ្នកអាចអានរឿងបន្ថែមនៅតំណភ្ជាប់នេះបាន)
នៅសាធារណរដ្ឋប្រជាមានិតឡាវ មានខេត្តមួយឈ្មោះថាខេត្តខាំមួន នៅទីនោះមានប្រវត្តិទាក់ទងនឹងស្តេចមួយអង្គមានព្រះនាមថាស្រីគោត្របង ដែលមកដល់សព្វថ្ងៃ ក៏នៅមានចេតិយ និងមានការសាងសង់ជារូបតំណាងនៅទីនោះផងដែរ ។ ប្រវត្តិរឿងព្រេងឡាវទាក់ទងទៅនឹងស្រីគោត្របង គឺមានរឿងដំណាលប្រហាក់ប្រហែលទៅនឹងរឿងរបស់ដំបងក្រញូងរបស់ខ្មែរដែរ គឺមានមាណពម្នាក់ មានសុខភាពខ្សោយ ពេលចូលទៅកាប់អុស គេក៏ទូកឲ្យនៅដាំបាយ ហើយគាត់ក៏បានរើសមែកឈើមួយយកមកកូរបាយ ធ្វើឲ្យបាយឡើងខ្មៅ ហើយគាត់ក៏ហូបបាយនោះតែម្នាក់ឯង ជាហេតុធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្លា រហូតអាចឡើងដឹកនាំតំបន់មួយ នៃខេត្តខាំមួនបច្ចុប្បន្ន ។ ស្រីគោត្របង បានរៀបអភិសេកនឹងបុត្រីរបស់ស្តេចនៅនគរនោះ តែស្តេចនោះតែងតែខ្លាចស្រីគោត្របងជ្រែករាជ្យរបស់ខ្លួន ទើបធ្វើឲ្យស្តេចនៃនគរនោះបានប្រើល្បិចហៅស្រីគោត្របងទៅចូលរួមពិធីមួយនៅក្នុងវាំងរបស់ខ្លួន ហើយបានរៀបចំគន្លឹះជាលំពែងដែកនៅក្នុងបង្គន់ ពេលស្រីគោត្របង ចូលទៅប្រើបង្គន់ ក៏ត្រូវលំពែងដែកនោះចាក់ពីគូទ រហូតដល់ក្បាលស្លាប់មួយរំពេច ។ សាកសពរបស់ស្រគោត្របង ត្រូវបានគេអូសទម្លាក់បណ្តែតចោលតាមទឹកទន្លេមេគង្គ នៅពេលហូរមកដល់ខេត្តខាំមួន ប្រជាជននៅទីនោះស្គាល់ថាជាអ្នកគ្រប់គ្រងរបស់ខ្លួន ក៏នាំគ្នាស្រង់សាកសពចេញពីទឹក និងសាងជាចេតិយធំមួយតម្កល់សាកសពរបស់គាត់រហូតមក ។
មានឯកសារប្រវត្តិសាស្ត្រមួយចំនួនទៀត បាននិយាយថា ស្រីគោត្របង គឺជារាជាណាចក្រព្រះពុទ្ធសាសនាមួយរបស់មន ដែលមានអាណាបរិវេណនៅតំបន់ភូមិភាគឥសានរបស់ថៃ គឺនៅខាងលើបន្តិចនៃខេត្តសុរិន្ទ ស្រីស្លកែត និងបុរីរម្យ និងនៅភូមិភាគកណ្តាលរបស់ឡាវ ហើយរាជាណាចក្ររបស់មននោះ គឺមានភាពរុងរោចន៍នៅសតវត្សទី ៥ និង ទី ៦ នៃគ្រឹស្តសករាជ ដោយមូលដ្ឋានសំខាន់នៃរាជាណាចក្រ គឺស្ថិតនៅខេត្តនគរភ្នំ ខាងឆ្វេងទន្លេមេគង្គ នៅក្នុងប្រទេសថៃសព្វថ្ងៃ និងស្ថិតនៅខេត្តខាំមួន ខាងស្តាំទន្លេមេគង្គ នៅក្នុងប្រទេសឡាវសព្វថ្ងៃ ។ សិល្បៈ វប្បធម៌របស់មនមួយចំនួននៅក្នុងតំបន់នោះ គឺមានអាយុកាលមុន ឥទ្ធិពលនៃសិល្បៈ និងវប្បធម៌របស់ខ្មែរនៅតំបន់នោះទៅទៀត ដែលនេះបង្ហាញអំពីការកាន់កាប់ទឹកដីនេះពីដំបូងដោយមន ក្រោយមកដោយខ្មែរ និងបន្តដោយឡាវ និងថៃ ។
ងាកមកមើលខេត្តបាត់ដំបងវិញ នៅសម័យថៃគ្រប់គ្រងខេត្តនេះ ដោយឲ្យខ្សែស្រលាយរបស់ស្តេចត្រាញ់ខ្មែរគ្រប់គ្រង គឺឧកញ៉ាចៅហ្វាប៉ែន គ្រប់គ្រងតាំងពីចុងសតវត្សទី ១៨ រហូតដល់ដើមសតវត្សទី ២០ ។ នៅពេលនោះថៃហៅខេត្តបាត់ដំបងថា ព្រះត្របង គឺមានឈ្មោះស្រដៀងគ្នានឹង ស្រីគោត្របង ដែរ ប្រហែលពាក្យថា ត្របង នេះ គឺជាពាក្យមន មានន័យថាដំបងហើយមើលទៅ ព្រោះថាពាក្យមានព្យាង្គតម្រួតជើង «រ» ភាគច្រើន មិនមែនជាភាសាថៃ ឬឡាវ នោះទេ ។ គោរមងាររបស់ស្តេចត្រាញ់គ្រប់គ្រងតំបន់នោះពីបុរាណ មានងារថា គទាធរ ឬបញ្ចេញសម្លេងជាភាសាថៃថា កថាថន ដូចមានពាក្យហៅលោកម្ចាស់បច្ចឹម ដែលធ្លាប់គ្រប់គ្រងបាត់ដំបងថា កថាថនឈុំ (ជុម) ។ ពាក្យថា គទាធរ នេះ ជាភាសាសំស្ក្រឹត មានន័យថា អ្នកកាន់ដំបង ឬក៏អ្នកដែលប្រើដំបងជាអាវុធ ហើយ គទាធរ នេះ គឺជាឈ្មោះមួយរបស់តួអង្គ ភីមៈ ជាត្រកូលបណ្ឌវៈ នៅក្នុងរឿងមហាភារតៈយុទ្ធ ដោយសារតែភីមៈ ជាអ្នកជំនាញខាងប្រើដំបង ។ ខ្ញុំមិនដឹងថាគោរមងារ គទាធរ នេះ មានមកតាំងពីពេលណានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាការដាក់គោរមងារឲ្យអ្នកគ្រប់គ្រងខេត្តខណ្ឌពីបុរាណ តាមឈ្មោះនៃមេទ័ព ឬក៏តួអង្គសំខាន់នៅក្នុងរឿងមហាភារតៈ គឺមាននៅក្នុងសង្គមខ្មែររហូតដល់ដើមសម័យអណានិគមបារាំង ជាក់ស្តែងគឺឈ្មោះឧកញ៉ា អរជូន ឬអរជុន នៅខេត្តត្បូងឃ្មុំ ដែលងារនេះយើងឃើញថាមាននៅក្នុងរឿងទុំទាវ តាំងតែពីសម័យលង្វែក ហើយអរជុននេះ ចាត់ទុកជាតួអង្គដ៏សំខាន់បំផុតមួយនៅក្នុងរឿងមហាភារតៈ ហើយនេះគ្រាន់តែជាឧទាហរណ៍មួយនៃការប្រើឈ្មោះតួអង្គនៅក្នុងរឿងមហាភារតៈយកមកតាំងជាគោរមងារនៅក្នុងការគ្រប់គ្រងខេត្តខណ្ឌរបស់ខ្មែរតាំងអំពីបុរាណកាលមក ។
ទោះជាយ៉ាងណា ក៏ខ្ញុំមិនហ៊ានសន្និដ្ឋានយ៉ាងប្រាកដប្រជាថារឿងតាដំបងក្រញូង គឺជារឿងដែលកើតឡើងនៅក្នុងប្រវត្តសាស្ត្រខ្មែរ ឬក៏ប្រវត្តិសាស្ត្ររបស់មននោះដែរ វាបានក្លាយទៅជារឿងនិទានរួមគ្នានៃជាតិសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោករួចទៅហើយ គឺមិនខុសគ្នាអំពីរឿងធនញ្ជ័យនោះទេ ។
អត្ថបទ : សុវណ្ណរដ្ឋ