ទោសប្រហារជីវិត សម័យលោកម្ចាស់

មុនឆ្នាំ​ ១៩០៧​​ កំឡុងពេលបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់លោកម្ចាស់​ មានការកាត់ទោសប្រហារជីវិត​ ដល់ជនណាដែលប្រព្រឹត្តបទល្មើសខុស នឹង ច្បាប់ដែល​លោកម្ចាស់តែងតែបង្កើតអោយគោរពតាមតែទំនើងចិត្ត​។ ការកាត់ទោសប្រហារជីវិត​ គឺគេប្រើដាវដើម្បីកាត់ក្បាល។​ ដាវដែលប្រើសំរាប់ប្រហារជីវិតរបស់លោកម្ចាស់​ មានឈ្មោះថា​ ស្រីខ្មៅ។​

រូបភាពតំណាង

អ្នកស្រុកតែងនិយាយថា ដាវស្រីខ្មៅនេះ មុដខ្លាំងណាស់ គឺគេអាចកាប់ទៀនដែលដោតបញ្ឈរអោយដាច់ជាពីរបានដោយមិនដួល​ លុះត្រាតែយើងយកដៃទៅប៉ះ​ ទើបទៀននោះដួល។ ដាវនេះមានតំណមខ្លាំងណាស់​ តែកាលណាដកចេញពីស្រោមហើយ​ គឺត្រូវតែកាត់ក្បាលអោយបាន២នាក់។​ ដោយសារតែមនុស្សសម័យនោះ​ មានភាពស្លូតត្រង់ ​មានថ្ងៃមួយដល់ថ្ងៃត្រូវប្រហារជីវិតជនល្មើស ជនល្មើសក៏ត្រូវធ្វើដំណើរទៅមាត់រណ្តៅ​ ដើម្បីធ្វើការប្រហារជីវិត​ តែដោយសារថ្ងៃនោះ​ អ្នកទោសមានតែម្នាក់ ពិជ្ឍឃាត ក៏ប្រាប់អ្នកទោសថា​ មិនមានដៃគូ ដូចនេះអ្នកទោសអាចទៅផ្ទះវិញ ដោយរស់នៅជុំបងប្អូនធម្មតា រង់ចាំដល់ថ្ងៃមានដៃគូ។ ​លុះដល់ថ្ងៃមានគូ ភ្នាក់ងារខាងតុលាការ ក៏ទៅហៅអ្នកទោសដល់ផ្ទះ ដើម្បីយកមកប្រហារជីវិត។ រណ្តៅប្រហារជីវិត​ ត្រូវបានគេជីកនៅខាងកើតស្ទឹង ម្តុំត្រង់ស្ពានរថភ្លើង​( បច្ចុប្បន្នម្តុំ​ផ្លូវភូមិចិន ហួសជិតដល់ស្ពានរថភ្លើងរួចបត់ឆ្វេង) ។ ពេលទៅដល់មាត់រណ្តៅ គេចាប់អ្នកទោសអោយលត់ជង្គង់​ គេមិនចង់ដៃ ឬ​ ជើងទេ គឺគេយកតែក្រណាត់ខ្មៅមកចងបិទភ្នែកអ្នកទោសតែប៉ុណ្ណោះ។ គេសៀតផ្កាក្រហមនៅត្រចៀកអ្នកទោសផងដែរ។  ហេតុនេះហើយ ទើបចាស់ៗសម័យនោះ ហាមក្មេងៗ មិនអោយលេងចងសៀតផ្កាក្រហមនៅត្រចៀកឡើយ ព្រោះវាដូចជាអ្នកទោសដែលគេរៀបនឹងប្រហារជីវិត ។ពេជ្ឍឃាត មានពីរនាក់​ មួយជាអ្នកឈរខាងមុខ​​ ឈរជន្លរដាវដាក់អ្នកទោស  មួយទៀតជាអ្នកកាត់ក្បាលឈរនៅខាងក្រោយ រួចគេទំលាក់អ្នកទោសចូលរណ្តៅ ហើយគេយកក្បាលទៅដោតនៅនឹងផ្លូវរ៉បមាត់ស្ទឹង ជិតស្ពានរថភ្លើងសព្វថ្ងៃ។

ប្រវត្តិភូមិដូនទាវ

កាលពីក្រោយឆ្នាំ១៧៩៥ គ្រួសារចៅហ៊ាបែន​​ មកពី​លង្វែក​​​ ដែលក្រោយមកគេហៅថា គ្រួសារអភ័វង្ស ដែលគ្រប់គ្រង់ខេត្តបាត់ដំបង​​ និង សៀមរាបទាំងមូល។ គាត់ជាមេត្រកូលអភ័យវង្ស​ ដែលតំណចុងក្រោយនៃគ្រួសារនេះគឺ លោកកថាថនឈុំ ដែលជាខ្សែរចុងក្រោយគេនៃ គ្រួសារត្រកូលអភ័យវង្ស នេះ។ ចៅហ្វ៊ាបែន មានប្រពន្ធមួយឈ្មោះ នាងទាវ ។ បើតាមឯកសារ ព្រះគ្រូសិរីសត្ថា កែវសាង បាននិយាយថា ថ្ងៃមួយ នាងទាវ ដែលជាប្រពន្ធ របស់ចៅហ្វ៊ាបែន មានការនឹករលឹកស្រុកកំណើតខ្លួនខ្លាំងពេក ក៏សុំលាចៅហ្វ៊ាបែន ត្រលប់ទៅស្រុកវិញ តែចៅហ្វ៊ាបែន មិនព្រមអនុញ្ញាតិអោយត្រលប់ទៅស្រុកវិញទាល់តែសោះ។

វត្តក្តុលដូនទាវ

នាងទាវក៏លួចរត់តាមទូក តាមស្ទឹងសង្កែត្រលប់ទៅស្រុកវិញ។ សុំបញ្ជាក់ថា កាលសម័យនោះ ការធ្វើដំណើរទៅស្រុកខ្មែរ (ហៅថាស្រុកខ្មែរ ដោយសារពេលនោះបាត់ដំបង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម) ត្រូវធ្វើដំណើរពីកំពង់ផែនៅមុខ ព្រែកមហាទេព (សព្វថ្ងៃ មុខមន្ទីរពេទ្យបង្អែកខេត្ត) រួចឆ្ពោះទៅកំពង់ផែ ធំដែលប្រសព្វរវាងបាត់ដំបង និង ស្រុកខ្មែរ គឺនៅ បាក់ព្រា ដែលជាកំពង់ផែដ៏សំខាន់ របស់បាត់ដំបង។ នៅពេលនោះ ចៅហ្វ៊ាបែន ក៏ដឹងទាន់ ក៏ចាត់បាវបំរើរបស់ខ្លួន អោយតាមនាងទាវ ដោយបញ្ញាតិថា បើទាន់ត្រង់ណាអោយសំលាប់ចោលត្រង់នោះ ។ ពួកបាវបំរើ ក៏តាមទាន់នាងទាវ ហើយសំលាប់ក៏សំលាប់នាងទាវដោយកប់ត្រង់ ក្បាលជ្រោយដូនទាវ (សព្វថ្ងៃជ្រោយនោះជាផ្លូវកោងខ្លាំង ទីមួយ បើយើងជិះពីវត្តក្តុលទៅ ផ្សារដូនទាវ)។
ក្រោយមកខ្មោចនាងទាវក៏ខ្លាចជាបីសាច សំរាប់ទទួលក្រយាបូជាពីអ្នកដំណើរតាមស្ទឹងសង្កែទៅមក។ ហេតុនេះហើយទើប គេហៅម្តុំនោះថា ដូនទាវ រហូតដល់សព្វថ្ងៃ៕

វត្តក្តុលដូនទាវ

ទីប្រជុំជនបាត់ដំបង នៅឆ្នាំ ១៩០៧

តាំងពីយូរណាស់មកហើយ ក្រុងបាត់ដំបងមានទីតាំងនៅត្រង់ដដែល គ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ គឺលាតសន្ធឹងតាមត្រើយខាងលិច​នៃស្ទឹងសង្កែ​តាំងពីភាស៊ីស្រា (ផ្សារលើសព្វថ្ងៃ) រហូតដល់ព្រែកមហាទេ (សួនព្រែកមហាទេព)។ កាលឆ្នាំ១៩០៧​ បាត់ដំបងជាទីប្រជុំជនតូច​ មានថ្នល់តែមួយស្របតាមដងស្ទឹង (ផ្លូវលេខ១) ។ អ្នកស្រុកសង់ទីលំនៅរកេតរកូតសងខាងថ្នល់នេះ។ អ្នកប្រាជ្ញបារាំង ឈ្មោះ​ ដែឡាប៉ក បានមកធ្វើទស្សនកិច្ចនៅបាត់ដំបងកាលពីឆ្នាំ ១៨៨០​ បានសន្និដ្ឋានថា ទីប្រជុំជនបាត់ដំបង មានប្រជាជនប្រហែល ២៥០០នាក់។ គេអាចចែកទីក្រុងបាត់ដំបង នៅពេលនោះជាពីរសង្កាត់គឺ :
  • សង្កាត់មុខកំផែង
នៅត្រើយខាងលិចនៃដងស្ទឹងសង្កែ ខាងត្បូងទីប្រជុំជនមានកំផែង​ ធ្វើពីអិដ្ឋបូកបាយអរ​ បណ្តោយ ៧២០ម៉ែត្រ គឺពីត្រង់ផ្លូវបំបែកទៅប៉ៃលិន​ មកទល់និងមន្ទីរប្រៃសណីយ៍សព្វថ្ងៃ ហើយមានទទឹង ៤៨០ម៉ែត្រគឺ ពីផ្លូវលេខ ១ ដល់ក្រោយពន្ធនាគារសព្វថ្ងៃ (សព្វថ្ងៃ ផ្សារទំនើបបុរីថ្មី) ។ ប៉ុន្តែកំផែងនេះ គេរុះរើចោលនៅឆ្នាំ ១៩១០។ នៅខាងត្បូងកំផែង ត្រង់ផ្សារលើសព្វថ្ងៃ មានរោងបិតស្រា របស់លោកស្រីពិភក្តិ។ តាមដងស្ទឹង ហូរហែទៅទិសខាងជើងមានថ្នល់មួយកាត់មុខកំផែងនិង កាត់មុខទីប្រជុំជន។ មកដល់ត្រង់ជ្រុងអាគ្នេយ៍នៃកំផែង ផ្លូវថ្នល់បែកជាពីរគឺ មួយស្របតាមជើងកំផែង មួយទៀតបែកទៅមាត់ស្ទឹងទៅជួបផ្លូវទី១ ជាផ្លូវធំនៅ អូរតាគាំ។ នៅមុខក្លោងទ្វារ ទាំងពីរខាងកើតនៃ កំផែង មានផ្លូវពីរ​កាត់ទទឹង ភ្ជាប់ផ្លូវស្របកំផែង និង ផ្លូវមាត់ស្ទឹង។
មុខកំផែងជាសង្កាត់លំនៅឋានរបស់អភិជន មានផ្ទះថ្ម និង ផ្ទះឈើ សង់លាយចំរុះគ្នារកេតរកូត ឥតសណ្តាប់ធ្នាប់​ប្រជ្រៀតគ្នា នៅក្បែរថ្នល់ ហើយផ្ទះភាគច្រើនសង់ចុះជ្រៅទៅក្នុងស្ទឹង គឺជើងសរសេរក្រោយនៅក្នុងទឹកតែម្តង។ នៅមុខកំផែងមិនមានផ្ទះនៅខាងលិចផ្លូវទេ ពីព្រោះផ្លូវនេះស្របកៀកនិងកំផែងណាស់។ នៅជាប់ផ្លូវស្របកំផែង ពីត្បូងទៅជើង អ្នកដំណើរអាចសង្កេតឃើញផ្ទះសំខាន់ៗដូចជា ផ្ទះមហាថៃ ផ្ទះផ្យាអភ័យលឿម និង ផ្ទះថ្ម ៣ជាន់មួយខ្នង សំរាប់ទទួលកិត្តិយសដែល អ្នកស្រុកហៅថា “តឹកខ្ពស់”។ មកដល់ក្លោងទ្វារខាងជើង ខាងកើតមានទីធ្លាស្រលះ ដែលអ្នកស្រុកនាំគ្នាយក​ ផលិតផលរបស់ខ្លួនមកលក់ដូរ ហើយ និយមហៅថា “ផ្សារមុខកំផែង”  (ត្រង់សួននាគសន្តិភាព សព្វថ្ងៃ)។ ផុតពីផ្សារនេះទៅគឺជាងសង្កាត់រដ្ឋបាល ដែលមានសាលាអំភើ (ស្រុក) សាលាខ្វែង (តុលាការ) និង ប្រៃសនីយ៍ទូរលេខ។ នៅមុខវត្តសង្កែ ត្រើយខាងលិច មានផ្ទះបណ្តែតទឹកដែលគេហៅថា “ផែ” ជាទីសំរាប់ស្ត្រីក្នុងកំផែង មកចុះងូតទឹករាល់ពេលល្ងាច។
សូមបញ្ជាក់ នៅមុខកំផែង ត្រង់ក្លោងទ្វារពីរទាំងសងខាងលិចស្ទឹង ទាំងកើតស្ទឹង អ្នកស្រុកមិនហ៊ានសង់ផ្ទះទេ ពីព្រោះវាចំមុខកាំភ្លើងធំដែលតាំងនៅក្នុងកំផែង។
សង្កាត់មុខកំផែង ចប់ត្រឹមអូរមួយនៅចន្លោះកំផែង និង វត្តដំរីស (សព្វថ្ងៃសួនច្បារភ្លោះ នៅនាគបាញ់ទឹក)  ដែលហូរពីវាស្រែទៅស្ទឹងសង្កែ ហៅថា “អូរតាគាំ” ។ តាគាំជាឈ្មោះចៅហ្វាយស្រុកស្រែអន្ទាក់។ គាត់បានយកដំរីមកបញ្ជាន់ដីអោយទឹកហូរ កុំអោយលិចលង់ស្រែរបស់គាត់។
  • សង្កាត់ផ្សារស្វាយប៉ោ

យើងឆ្លងស្ពានឈើមួយ កាត់អូរតាគាំ តាមផ្លូវលេខ១ នៃទីក្រុង។ ចាប់ពីទីនេះទៅ ផ្ទះច្រើនតែសង់ខាងកើតថ្នល់តាមលក្ខណៈដដែល គឺ ដាក់ផ្ទះបាយទៅក្នុងស្ទឹង ដែលជាទំលាប់មួយខុសក្បួនអនាម័យ។ ផ្ទះមានច្រើនណាស់ តែយើងអាចសង្កេតឃើញនៅខាងមុខវត្ដដំរីស ខាងលិចថ្នល់ផ្ទះលោកភក្តីពាណិ្ជយ៉ាង ។ នៅខាងកើតមានផ្ទះចឹកជុយ ដែលជាធនាគារិក របស់លោកម្ចាស់ ជាអ្នកបោះប្រាក់ ប៉ែ សំរាប់ចាយនៅបាត់ដំបង។ ហួសពីនេះបន្តិចទៅត្រង់ផ្នែកសាធារណការ (សព្វថ្ងៃបុរី ស្ទឹងសង្កែ) មានផ្ទះលោកអតីតព្រះឃ្លាំងប៉ុក ដែលជាចៅហ្វាយស្រុកមង្គលបុរី។ នៅក្បែរស្ពានដែក ខាងកើតថ្នល់មុខរោងកុនសង្កែ មានគ្រឹះស្ថានពាណិជ្ជកម្មសំខាន់មួយដែលអ្នកស្រុកហៅថា ហាងរូសិល។ កាលដើម រូសិល លក់តែគ្រឿងកំប៉ិកកំប៉ុកទេ តែថ្ងៃក្រោយមក ក្លាយជា ហាងធំលក់តាំងពីសពត់អាវ​ ចានក្បាន រហូតដល់កាំភ្លើង គ្រាប់រំសេវ។ រូសិលនេះជាជនជាតិអាឡឺម៉ង់ មានកូនឈ្មោះ សៀសង់ ដែលអ្នកស្រុកនិយមហៅថា ស៊ីសងៗ ។ មកដល់ត្រង់ហាង LG សព្វថ្ងៃ មានអ្នកតាចិនមួយនៅមាត់ស្ទឹង ហើយមានផ្លូវមួយមកពីវាលស្រែ( ផ្លវបត់ទៅសាលាចិន) សំរាប់អ្នកស្រុកនាំក្របីមកផឹកទឹក។ គេហៅកន្លែងនោះថា “កំពង់ក្របី”។ នៅកំពង់ក្របី ខាងក្រោយបន្តិច មានបនស្រីពេស្យាមួយកន្លែង។

ហួសពីកំពង់ក្របីទៅ មានតៀមចិនលក់ទំនិញ តៗរហូតដល់ទីផ្សារណាត់សព្វថ្ងៃ ដែលកាលនោះ វាគ្រាន់តែជាវាលស្រលះសំរាប់អ្នកស្រុក លក់ផលិតផលរបស់ខ្លួន។ នៅក្បែរនោះនៅក្រោមម្លប់ស្វាយមួយ យ៉ាងធំមានរោងប៉ោ ដែលជាល្បែងស៊ីសងម្យ៉ាង ទើបមានពាក្យថា “ស្វាយប៉ោ” រហូតដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា នៅសម័យលោកម្ចាស់ គេអាចជក់អាភៀន ឬ លេងល្បែងស៊ីសងបានតាមចិត្ត នៅតាមរោងល្បែង ដែលមានបងភាស៊ីជូនលោកម្ចាស់។
បើយើងដើរហួសផ្សារណាត់ទៅខាងជើងទៀត ចំនួនផ្ទះថតចុះបន្តិចម្តងៗ ។ នៅមុខវត្តពិភិទ្ធ គេឃើញផ្ទះខាហ្លួងសៀម (សព្វថ្ងៃ ផ្នែកមួយនៃ បុរីមហាទេព)។ នៅត្រង់ទីប្រសព្វមុខព្រែកមហាទេព និងស្ទឹងសង្កែ មានទីសំចតកប៉ាល់ដែលមកពីបាក់ព្រា (សព្វថ្ងៃកន្លែងម្តុំមណ្ឌលសុខភាពស្វាយប៉ោ) ។ យើងឆ្លងព្រែកមហាទេព តាមស្ពានតូចមួយដែលរទេះគោមិនអាចបរកាត់បានទេ។ នៅខាងជើងព្រែកមហាទេព( សួនមហាទេព) មានស្ថានកុងស៊ុលបារាំងដែលគេសំគាល់បានពីចំងាយ ដោយសារដងកើយ៉ាងខ្ពស់ បង្ហូតទង់ជាតិបារាំងពណ៌ ខៀវ ស ក្រហម (សព្វថ្ងៃ មន្ទីរពេទ្យបង្អែកខេត្ត) ហួសពីស្ថានកុងស៊ុលបារាំងនេះទៅ គឺភូមិស្រុកធម្មតា។ នៅខាងកើតស្ទឹងក៏ជាភូមិអ្នកស្រុក មិនមានទីប្រជុំជនធំដុំទេ។

ពិធីបុណ្យខ្មោច នៅសម័យលោកម្ចាស់

អ្នកស្រុកបាត់ដំបង ជំនាន់នោះ មានទំលាប់ម្យ៉ាងក្នុងការធ្វើបុណ្យខ្មោច ខុសពីអ្នកស្រុកប៉ែកខាងកើត (សំដៅលើអ្នកភ្នំពេញ កំពង់ចាម ព្រៃវែង…) បើមានមនុស្សស្លាប់ គេតែធ្វើបុណ្យតែបន្តិចបន្តួច ក៏យកខ្មោចនោះទៅកប់មួយអន្លើសិន។ គេមិនធ្វើបុណ្យធំដុំទេ ព្រោះគេយល់ថា គ្រួសារកំពុងមានទុក្ខហើយ មានលុយកាក់តិចតួច។ ចាប់ពីពេលនោះមក គ្រួសារសពត្រូវខិតខំ រកលុយកាក់បំរុងធ្វើបុណ្យខ្មោចនោះ នៅពេលណាមួយអោយបាន អធិកអធម។ ក៏ប៉ុន្តែតាមធម្មតា មានតែពួកអភិជនទេ ដែលអាចធ្វើបុណ្យខ្មោចគ្រួសារគេបានអធិកអធមសប្បាយ។ អ្នកក្រធ្វើបុណ្យខ្មោចយ៉ាងស្តួចស្តើងដោយវិធីសង្ខេប ក៏យកទៅកប់ឬដុតទៅ។ អ្នកមានធនធានតិចតួច ច្រើនរួមគ្នាជាសមាគម ធ្វើបុណ្យខ្មោច គ្រួសារខ្លួន។

អ្នកក្រុងបាត់ដំបងនិយម យកកន្លែងមួយនៅខាងអាគ្នេយ៏ កំផែង់ត្រង់មាត់ស្ទឹងដើម្បីធ្វើបុណ្យខ្មោច។ គេនិយមគាស់ខ្មោច ដែលកប់យកមកធ្វើបុណ្យនៅរវាងខែ ផល្គុន ចេត្រ និង ពិសាខ ដែលជាពេលដែលអ្នកផងទំនេរផុតពីការស្រែចំការ ហើយជារដូវល្អគ្មានភ្លៀង។ បើកាលណាគេធ្វើបុណ្យខ្មោច ដែលគាស់ពីដីមកយ៉ាងនេះ គេនិយមអោយមានល្បែងប្រជាប្រិយ៏ ល្ខោនរបាំ ដូរ្យតន្ត្រី អុជកាំជ្រួច ភ្ញីទៀន ហើយច្រើនមានប្រកួត កីឡាប្រដាល់ទៀតផង។ តែបើគេធ្វើបុណ្យខ្មោចដែលស្លាប់ភ្លាមៗ ដែលគេហៅថាខ្មោចស្រស់ នោះគេត្រូវសង្រួមចិត្តសំរួមអាត្មា ជាការកាន់ទុក្ខ មិនដែលអោយមានការសប្បាយល្បែងរបាំច្រៀងទេ។ គេតំកល់សពច្រើនយប់ច្រើនថ្ងៃ នៅក្នុងរោងបុណ្យ រួចទើបគេដង្ហែរសពកាត់តាមទីក្រុងហើយយកទៅដំកល់ក្នុង ភ្នំយោង ដើម្បីបូជា។ មានជួនកាល គេដង្ហែខ្មោចចេញពីរោងបុណ្យ នៅពេលយប់ទៅដំកល់នៅវត្តណាមួយ រួចទើបហែមកកាន់កន្លែងបុណ្យវិញនៅថ្ងៃបន្ទាប់។ ការដង្ហែនៅពេលយប់ អ្នកហែរត្រូវកាន់ចន្លុះ ឬ គោម។ គេហៅរបៀបហែរនេះថា “លួចសព”។

គេច្រើនសាងមេរុ ខ្ពស់ស្កឹមស្កៃ សំរាប់បូជាសពលោកទៅ អធិការវត្ត ឬ សម្តេចចៅ ​ ឬជាពិសេ សពលោកម្ចាស់។ គេដាក់សពលោកម្ចាស់ ឬ មន្ត្រីសង្ឃទីរាជគណៈក្នុងកោដ្ឋ ដែលមានសណ្ឋានផ្សេងៗ ទៅតាមកំរិតឋានន្តរសក្តិ។ គេនិយមធ្វើរូបទេវតាអំពី ចំបើង បិតក្រដាសយ៉ាងប្រិមប្រីយ៍ អោយកាន់ភ្លើងហើយគេបង្ហូតពីទីខ្ពស់ណាមួយនោះដុតសព។ គេច្រើនបូជានៅពេលយប់ ទើបឃើញជាទស្សីយ៍ភាពមួយដ៏រំភើប គឺ ឃើញទេវតាហាក់ដូចជាចុះមកពីស្ថានសួគ៏ យកភ្លើងមកបូជាសពនោះនៅពេលដែលគេអុជ កាំជ្រួចភ្ញីទៀន យ៉ាងទ្រហឹង អ៊ឹងអាប់។

សាសនាព្រះពុទ្ធនៅសម័យលោកម្ចាស់

វចនានុក្រមឡឺពើទីឡារូស ឆ្នាំ១៩៦៩ត្រង់ទំព័រ ១១៦៥ បានអោយកិត្តិយសខេត្តបាត់ដំបងថា ជា មជ្ឈមណ្ឌលព្រះពុទ្ធសាសនា ។ ពិតមែនហើយ ក្រុងបាត់ដំបងត្រូវតែមានកិត្តិយសជាមជ្ឃមណ្ឌលព្រះពុទ្ធសាសនាមែន ព្រោះក្រុងបាត់ដំបងមានវត្តអារាមច្រើនជាកេរ្តិដំណែលតាំងពីបុរាណមក។ វត្តអារាមខ្លះមានតំលៃណាស់ដូចជាវត្តកណ្តឹង វត្តសង្កែ វត្តដំរីស វត្តពោធិវាល វត្តពិភិទ្ធ វត្តក្តុល ។ល។

 


កិត្តិយសក្រុងបាត់ដំបងដែលជាមជ្ឃមណ្ឌល ព្រះពុទ្ធសាសនានេះ គឺជាកេរ្តិដំណែលតាំងពីបុរាណមក ព្រោះវត្តអារាមទាំងប៉ុន្មាន ដែលយើងឃើញសព្វថ្ងៃ សុទ្ធតែមានកំណើតតាំងពីមុន លោកម្ចាស់កថាថន ឈុំ សឹងតែទាំងអស់។ ព្រះឧត្តមព្រឹទ្ធាចារ្យ អ៊ុំសុខ វត្តតាមិម បានមានថេរដីការថា តាំងពីលោកដឹងក្តីកាលណា លោកមិនដែលឃើញគេសាងសង់វត្តថ្មីទេ។ លក្ខណៈប្លែកពីសម័យមកនេះ គឺវត្តខ្លះធ្លាប់ថ្កុំថ្កើង ដូចជាវត្តកណ្តាល វត្តសង្កែ វត្តដំរីស ឯវត្តដែលកើតមុនគេប្រហែលជា​វត្ត កំពង់អំពិល និង វត្តកណ្តឹង។


យើងមិនចាំបាច់ធ្វើអត្ថាធិប្បាយ អំពីព្រះពុទ្ធសាសនានេះ អោយវែងទេ ព្រោះមិនសូវខុសពីសព្វថ្ងៃប៉ុន្មានទេ។ យើងលើកយកតែលក្ខណៈ ដែលប្លែកមកកត់ទុកជាចំណាំទៅពេលក្រោយ។
លោកម្ចាស់តែបរិច្ចាកទ្រព្យសម្បត្តិ ប្រគេនជាបៀវត្សសំរាប់ព្រះសង្ឃគ្រប់វត្តទាំងអស់ក្នុងខេត្ត។ នៅសម័យនោះ គេមិនដែលធ្វើបុណ្យផ្កាប្រាក់ទេ។
ឯបុណ្យដទៃទៀតមានដូចសព្វថ្ងៃតែមានទំលាប់ខ្លះដែលសព្វថ្ងៃគេបោះបង់ចោល។ លោកនេនឆាន់រួមថាសជាមួយក្មេងៗដែលជាកូនសិស្លោក តែមានបញ្ញតិមួយអោយលោកនេនឆាន់៣ម៉ាត់ មុនកូនសិស្ស។ សូមបញ្ជាក់ថានៅសម័យនោះ មិនទាន់មានពុទ្ធសាសនាខាងគណៈធម្មយុត្តិនៅឡើយទេ៕