វណ្ណៈធំៗ នាបាត់ដំបង សម័យលោកម្ចាស់

នៅសម័យលោកម្ចាស់ ប្រជាជនចែកជាវណ្ណៈច្រើន តែមិនច្រើនដល់នៅប្រទេសឥណ្ឌា ឬ ប្រទេសដទៃខ្លះនោះទេ។ ការដែលចំលែកចំពោះយុវជនជាន់ក្រោយ គឺទាសភាព ដែលបារាំងបានបង្ខំអោយលោកម្ចាស់ បំបាត់ចោល តែមិនបានសំរេច។ នៅសម័យនោះ ប្រជាជនចែកជា៣ វណ្ណៈ

  • វណ្ណៈអភិជន់

គឺជាវណ្ណៈខ្ពង់ខ្ពស់ មានវង្សត្រកូលលោកម្ចាស់នេះជាអាទិហើយវង្សត្រកូលពួកមន្ត្រីធំៗតមក ដូចជាព្រះឃ្លាំង លោកមន្ត្រីនាយកជាដើម។ ពួកអភិជន មានដីស្រែតាមដងស្ទឹង សឹងតែទាំងអស់ ជាកម្មសិទ្ធិរបស់គេ។ ពួកអភិជន មិនមែនជាត្រកូលក្សត្រទេ មិនប្រើរាជសព្ទទេ តែមានភាសាខ្ពស់ សំរាប់អ្នកតូចតាចនិយាយជាមួយគេ។ នៅផ្ទះមានបាវបំរើស្តាំ ឆ្វេង ហើយមានពិធីការផ្សេងៗ បង្ខំដាក់សុជីវធម៌ពិសេសលើរាស្ត្រតូចតាច។ អ្នកណាដើរកាត់មុខផ្ទះ អភិជន ដោយមិនយក្រមាក្រវ៉ាត់ចង្កេះ ឬ ដើរហួចច្រៀងគេចាត់ទុកថា ព្រហើន ហើយយកគេអ្នកនោះទៅវាយប្រដៅ ឬ ជួនកាលមានយកទៅសំលាប់ចោលបើរឹងទទឹង ។ ផ្ទូយទៅវិញ កូនពួកអភិជនអាចព្រហើនកោងកាចដាក់រាស្ត្រប្រជាវិញបាន។

ពួកអភិជនច្រើនតែមានគោរម្យងារសំរាប់ហៅ គេមិនសូវហៅចំឈ្មោះទេ។ គេមានលំដាប់សក្តិទៀតផង ដូចជា ចៅផ្រះយ៉ា ផ្រះយ៉ា ផ្រះឬព្រះ ហ្លួង ឃុន ម៉ឺន។ លំដាប់សក្តិនោះ មានគោរម្យងារពីក្រោយ ដូចជា ចៅផ្រះយ៉ាកថាថនព្រះយ៉ាអភ័យ ផ្រះយ៉ាព្រះឃ្លាំង ផ្រះយ៉ានោមេត្រី ហ្លួងកំភោត ហ្លួងរឹទ្ធីពលសែន ព្រះភិនិត្យសម្បត្តិ ឃុនពិនិត្យអក្សរ ឃុនសារក្តីកិច្ច ។ល។

តែយើងពិបាកដឹងលំដាប់សក្តិណាស់ ព្រោះអ្នកស្រុកច្រើនហៅតែងារ ដូចជាលោកព្រះឃ្លាំង លោកស្រីពិភត្តិ លោកស្នេហាប្រេទេស លោកស្រីអញ្ជឹត ។ល។

វណ្ណៈអភិជននេះជាវណ្ណៈតពូជពង្ស ខ្លះជាឋានៈបានដោយ សារសម្ថភាព ខ្លះជាឋានៈបានដោយការផ្គាប់ផ្គុន សូកប៉ាន់។ អ្នកមានឋានៈជាចៅផ្រះយ៉ាមានតែម្នាក់ទេ គឺ លោកម្ចាស់។ វណ្ណៈ លោកម្ចាស់នេះ ជាវណ្ណៈតពូជតពង្ស។ គេត្រូវហៅកូនលោកម្ចាស់ថា ឃុន ដូចជា ឃុនឈឿម ឃុនហ៊ីង ឃុនឃួង។ តែបើមានសមត្ថភាពនៅពេលពេញវ័យគេអាចតំឡើង សក្តិពីឃុន ទៅហ្លួង ទៅជាផ្រះយ៉ាបានដូចជា ឃុនលឿម ឡើងទៅជាព្រះយ៉ាអភ័យ      ឃុនឃួង ឡើងទៅជាហ្លួងកោតិទ។ល។ ចៅលោកម្ចាស់គេច្រើនហៅថា នាយ ដូចជា នាយជា។

  • វណ្ណៈរាស្ត្រសាមញ្ញ

គឺជាវណ្ណៈ ប្រជារាស្ត្រធម្មតា ប្រកបរបរកសិកម្ម សិប្បកម្ម នេសាទ ពាណិជ្ជកម្ម ។ គឺជាវណ្ណៈ ដែលគេហៅថា អ្នកជា (មិនមែនខ្ញុំគេ) ។ វណ្ណៈរាស្ត្រសាមញ្ញត្រូវបង់ពន្ធដារជូនលោកម្ចាស់ ហើយលោកម្ចាស់អាចកេណ្ឌអោយធ្វើការផ្សេងៗដូចជានៅពេលមានបុណ្យទាន ឬ ទៅបាញ់សត្វជាដើម។

  • វណ្ណទាសករ

គឺជាវណ្ណៈខ្ញុំកញ្ជេះគេ ។ ឈ្លើយសង្គ្រាមអ្នកមានទោស អ្នកជំពាក់ប្រាក់គេ ត្រូវធ្លាក់ខ្លួនជាខ្ញុំកញ្ជេះគេ ធ្វើការអោយគេដោយឥតយកកំរៃ ដោយគ្រាន់តែបានបាយមួយចំអែត និង ខោអាវមួយចង្កេះ ។ ទាសករប្រភេទខ្លះ អាចរំដោះខ្លួន បានដោយសារការយកលុយទៅលោះទេ។ យើងជំពាក់ប្រាក់គេ ១០០បាត យើងត្រូវធ្វើខ្ញុំកញ្ជះគេរហូតដល់ថ្ងៃយើងយកប្រាប់មកលោះវិញ។ ទាសករដែលគេហៅថា ខ្ញុំ នោះមានច្រើនសណ្ឋានដូចជា  ខ្ញរបិប ឬ ខ្ញុំ ក្នុង ត្រូវរស់នៅបំរើគេរហូតខួបប្រាំងខួបវស្សា។ បើមានកូនកើត នោះកូនត្រូវធ្លាក់ខ្លួន ជាខ្ញុំគេទៀត គេហៅថាកូនក្រោល ។ ខ្ញុំក្រៅ អាចនៅផ្ទះសំបែងបានក្រោយដែលធ្វើស្រែរួចហើយៗ អាចរកលុយកាក់មកលោះខ្លួនបាន។ បើនិយាយពីទាសភាពនេះ យើងឃើញថា ក្រៅពីអភិជន សឹងតែគ្មានអ្នកណារួចខ្លួនជាអ្នកជាពិតប្រាកដទេ។ រាស្ត្រសាមញ្ញត្រូវមានកំណែនដោយឥតកំរែ ទៅបរបាញ់សត្វ ជួយផ្តល់សម្ភារៈ និង ភស្តុភារផ្សេងៗជូនលោកម្ចាស់ ឬ អភិជនណាដែលខ្លួនស្ម័គ្រ។ ដូចនេះ រាស្ត្រសាមញ្ញ ក៏មានជំពាក់បំណុលនឹងអភិជនដែរ។ គ្រប់គ្នា ត្រូវរើសលោកធំណាម្នាក់ធ្វើជាចៅហ្វាយ ហើយបំរើគេ គ្រប់ពេលដែលគេមានធុរៈ ។ គេហៅថា បាវកំលាំង ។

Leave a Reply

Your email address will not be published. Required fields are marked *