បឹងម៉ាឈីត នឹងបង្កើតជាតំបន់ទេសចរណ៏ថ្មី

បឹងម៉ាឈីត ដែលស្ថិតនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងកែប្រែទៅជារមណីដ្ឋានថ្មី ដែលអាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ អោយចូលទស្សនា លំហែរកាយ ឆាប់ៗនេះ។

អាជ្ញាធរខេត្តបានអះអាងថា នឹងកែប្រែតំបន់នេះអោយទៅជាតំបន់កំសាន្តថ្មី ដែលមានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង ទីកន្លែងស្រូបយកខ្យល់អាកាសថ្មី នៅទីនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរ អាចមកស្ទូចត្រី ស្រូបយកខ្យល់អាកាស និង ទស្សនាថ្ងៃ លិច បានយ៉ាងល្អផងដែរ នៅឯបឹងដ៏ធំល្វឹងល្វើយនេះ។ កន្លែងកំសាន្តថ្មីនេះ នឹងត្រូវបានដាក់ឈ្មោះថា រមណីដ្ឋានសម្តេចក្រឡា ហោម សខេង។

ការកែប្រែ បឹងម៉ាឈីត អោយទៅជាតំបន់ទេសចរណ៏នេះ ជាចំណែកមួយល្អ ដែលអាចអោយប្រជាពលរដ្ឋ នៅតំបន់នោះ មានជីវភាពល្អប្រសើរ។ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានសាទរចំពោះការអភិវឌ្ឍន៏បឹងនោះ ដែលពួកគេគិតថា នឹងកែប្រែជីវភាពរបស់ពួកគេអោយល្អប្រសើរឡើង។

កន្លងមកមានការខ្សឹបខ្សៀវគ្នាអំពីការលក់បឹងធម្មជាតិនេះ បន្ទាប់ពីឃើញ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើគ្រឿងចក្រជីកកាយបឹងនេះធ្វើទំនប់ព័ទ្ធជុំវិញ។ ប៉ុន្តែពេលនេះ ភាពមន្ទិលទាំងនោះបានបាត់អស់រលីងហើយ ក្រោយពីបានលឺតំបន់បឹងធម្មជាតិនេះ នឹងកែប្រែទៅជា តំបន់រមណីយដ្ឋាន សម្តេចក្រឡា ហោម សខេង។

ចំពោះទីតាំងបឹងម៉ាឈីត នេះ គឺស្ថិតនៅខាងស្តាំផ្លូវ ហេងឆាត ទៅកំពីងពួយ ប្រសិនបើលោកអ្នកធ្វើដំណើរ ពី ឃុំជ្រៃ តាមផ្លូវជ្រៃ- រការមាន់ហើរ នោះលោកអ្នកនឹងឃើញផ្លូវដីក្រហមមួយខ្សែនៅខាងស្តាំដៃ រួចធ្វើដំណើរប្រហែល 5គីឡូម៉ែត្រ លោកអ្នកនឹងឃើញបឹងម៉ាឈីតនេះ នៅនឹងស្តាំងដៃតែម្តង៕